(ស្វាយរៀង)៖ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បានថ្លែងថា សន្តិភាព និងស្ថិរភាពជាបុព្វបទ ដើម្បីធានាឲ្យប្រទេសកម្ពុជា បន្តអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅលើផ្លូវប្រជាធិបតេយ្យពិតប្រាកដ។
ការថ្លែងបែបនេះ ខណៈដែលលោកតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៦០៩ និងមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ។
ពិធីនេះក៏មានការចូលរួមពី លោកអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការ សឹករងស្វាយរៀង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងបាវិត ប្រធានប៉ុស្តិ៍ច្រកទ្វាព្រំដែន ព្រមទាំងកម្លាំង នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ និង៦១១ សរុបចំនួន ២៩២នាក់។
លោក ព្រុំ សុខា បានថ្លែងនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចក្រឡាហោម ស ខេង ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជានិច្ចដល់សុខទុក្ខរបស់កងកម្លាំង នគរបាលដែល កំពុងឈរជើងការពារព្រំដែន និងសម្តែងនូវការកោតសរសើរ ដល់វីរៈភាពពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងកម្លាំង។
លោកបន្ដថា ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រ ពីសំណាក់អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយ បានល្អប្រសើរគួរឲ្យកត់សម្គាល់។
លោក បានបញ្ជាក់ថា ស្នាដៃនេះគឺជាចំណែក នៃសមិទ្ធផលដ៏ធំធេង សម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនជឿនលឿនជាលំដាប់។
លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ ពីកត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធានាដល់ភាព រុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្ត របស់ប្រជាជន នាពេល បច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺសន្តិភាព និងស្ថិរភាព ហើយនោះ ក៏ជាបុព្វបទ ដើម្បីធានាឲ្យប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅលើផ្លូវប្រជាធិបតេយ្យពិតប្រាកដ។
ក្នុងឱកាសនោះ លោក ព្រំ សុខា និងគណៈប្រតិភូ បាននាំមកជាមួយនូវគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភដល់វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ និង៦១១ ក្នុងមួយអង្គភាព ៥លានរៀល ឧបត្ថម្ភកម្លាំងអង្គភាពទាំងពីរចំនួន ២៩២នាក់ ក្នុង ១នាក់ ១០ម៉ឺនរៀល។
សម្ភារសរុប ជូនអង្គភាពទាំងពីររួមមាន៖ អង្ករ៣តោន, មី១២៨កេស, ត្រីខ៣៤កេស, ទឹកក្រូច២៤កេស, ទឹកបរិសុទ្ធ១១៤កេស, សាច់ជ្រូក០២ក្បាល ស្មើនឹង ១៦០គីឡូក្រាម នំអន្សម បន្លែ និងស្រាបៀរ ៤០កេស។
ដោយឡែក អធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៨ ក្នុង ១អង្គភាព ទទួលបាន អង្ករ ០២បាវ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង៨០ ក្នុង១អង្គភាព ទទួលបានអង្ករ០១បាវ៕