(សៀមរាប)៖ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩ របស់គណៈកម្មការសម្របសម្រួលអាស៊ានអូស្ហណេត ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពនៃគោលការណ៍សុខភាព និងសុវត្ថិភាពការងារក្នុងក្របខណ្ឌអាស៊ាន។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ជាកិច្ចប្រជុំប្រចាំឆ្នាំដែលត្រូវបានរៀបចំដោយសមាជិករបស់អាស៊ានអូស្ហណេត ដើម្បីត្រួតពិនិត្យមើលឡើងវិញនូវស្ថានភាពបច្ចុប្បន្ន នៃគំនិតផ្តួចផ្តើមរបស់បណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ានដែលផ្តោតទៅលើចំណុចសំខាន់ៗ រួមមាន ការបណ្ដុះបណ្ដាល ការសិក្សាស្រាវជ្រាវស្ដង់ដារ អធិការកិច្ចការងារ ព័ត៌មាន ក្របខ័ណ្ឌសុខភាព និងសុវត្ថិភាពការងារជាតិ សហគ្រាសធុនតូច និងមធ្យម និងកន្លែងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចមានកំណត់នៅក្នុងផែនការសកម្មភាពការងាររបស់អាស៊ានអូស្ហណេត ឆ្នាំ២០១៦-២០២០។
កិច្ចប្រជុំអាស៊ានអូស្ហណេត បានបន្តដើរតួនាទីជាវេទិកាបើកចំហសម្រាប់ការពិភាក្សា ការផ្លាស់ប្ដូរនូវបទពិសោធន៍ និងការអនុវត្តល្អៗ ស្តីពីសុខភាព និងសុវត្ថិភាពការងារ នៅក្នុងបណ្តាប្រទេសដែលជាសមាជិកអាស៊ានអូស្ហណេត និងអង្គការដៃគូខាងក្រៅផ្សេងទៀត។ កិច្ចប្រជុំបានពុះពារទៅមុខ ដើម្បីធ្វើឱ្យកាន់ប្រសើរឡើងនូវលក្ខខណ្ឌការងារ និងបរិយាកាសនៅកន្លែងធ្វើការនៅក្នុងតំបន់អាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានេះ ផែនការសកម្មភាពអាស៊ានអូស្ហណេត ឆ្នាំ២០១៦-២០២០ ត្រូវបានដាក់ចេញក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតនូវឱកាសជាក់ស្ដែង និងទុកចិត្តបាននៅក្នុងតំបន់ និងថ្នាក់ជាតិក្នុងការកសាងសមត្ថភាពអ្នករៀបចំគោលនយោបាយ និងស្ថាប័នពាក់ព័ន្ធក្នុងការវាយតម្លៃ និងដោះស្រាយបញ្ហាដែលទាក់ទងនឹងសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ។
គណៈកម្មការសម្របសម្រួលអាស៊ានអូស្ហណេត រៀបចំកិច្ចប្រជុំលើកទី១៩ របស់ខ្លួននាពេលនេះ គឺដើម្បីតាមដានផែនការសកម្មភាពរបស់អាស៊ានអូស្ហណេត និងចែករំលែកនូវដំណោះស្រាយក្នុងការអភិវឌ្ឍសុខភាព និងសុវត្ថិភាពការងារក្នុងតំបន់។
លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានចែករំលែកអំពីវឌ្ឍនភាពចុងក្រោយទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារ (OSH) ដោយសង្ខេបសុខភាព និងសុវត្ថិភាពការងារ ត្រូវរំលេចនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃក្រសួងការងារ ឆ្នាំ២០១៤-២០១៨ គោលនយោបាយជាតិមុខរបរ ឆ្នាំ២០១៥-២០២៥ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដើម្បីធានាថាកន្លែងធ្វើការមានសុខភាព និងសុវត្ថិភាព និងការគាំពារសង្គមដល់កម្មករនិយោជិតទាំងអស់នៅកម្ពុជា។
ជាងនេះទៅទៀត នាយកដ្ឋានពេទ្យការងារ គឺជានាយកដ្ឋានគន្លឹះមួយ ដើម្បីជួយជំរុញ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិនានាឱ្យទទួលបានជោគជ័យ តាមរយៈការរៀបចំផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ គោលការណ៍ណែនាំ កម្មវិធីបណ្តុះបណ្តាល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ៕