(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រោយពីថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ វិស័យសុខាភិបាលនៅកម្ពុជា ត្រូវបានរស់ឡើងវិញ ដោយចាប់ផ្តើមពីបាតដៃទទេរ ពីគំនរផេះផង់ គ្រូពេទ្យ និងវេជ្ជបណ្ឌិត ដែលនៅសេសសល់ពីការសម្លាប់ ត្រូវបានប្រមូលផ្តុំ ដើម្បីព្យាបាលពលរដ្ឋ និងបានទទួលការបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ តាមរយៈអ្នកចេះតិចបង្រៀន អ្នកមិនចេះ និងអ្នកចេះច្រើន បង្រៀនអ្នកចេះតិច។
លោក ឃួង ស្រេង បានថ្លែងបែបនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកអញ្ជើញចូលរួមជាមួយលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហរូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់ថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូននិស្សិតជ័យលាភី នៅសាកលវិទ្យាល័យ អន្តរជាតិ (IU) ចំនួន៤៣១នាក់។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូចច្នេះថា «បន្ទាប់ពីកម្ពុជា ទទួលបានជ័យជំនះនៅក្នុងថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលបានសម្លាប់ប្រជាពលរដ្ឋយ៉ាងរង្គាលនោះ ធ្វើឲ្យវិស័យសុខាភិបាល បានរស់ឡើងវិញ ពីបាតដៃទទេរ គំនរផេះផង់ គ្រូពេទ្យ វេជ្ជបណ្ដិត នៅសេសសល់ត្រូវបានប្រមូលផ្តុំឡើងវិញដើម្បីព្យាបាលពលរដ្ឋ»។
លោក ឃួង ស្រេង បានបន្តថា កាលពីអតីតកាលធនធានមនុស្សនៅកម្ពុជា ត្រូវបានបាត់យ៉ាងធំធេងនៅក្នុងរបបប្រល័យពូជសាសន៍ និស្សិត បញ្ញាវន្ត វិស្វករ សាស្ត្រចារ្យ អ្នកបច្ចេកទេស ជាពិសេសគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទណ្ឌបណ្ឌិត វេជ្ជបណ្ឌិត ត្រូវបានកាប់សម្លាប់ស្ទើរគ្មានសល់។ រីឯមន្ទីរពេទ្យវិញត្រូវបានបិទទ្វារ និងប្រែក្លាយទៅជាកន្លែងសម្លាប់មនុស្សវិញ ដោយសារតែគ្មានថ្នាំសង្កូវ គឺមានតែស្លឹកឈើ សំបកឈើ ឬសឈើសម្រាប់យកមកព្យាបាលអ្នកជំងឺតែប៉ុណ្ណោះ។
អ្នកភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានដឹកនាំនាវាកម្ពុជា ធ្វើដំណើរលើវិថីមួយ ដ៏លំបាកលំបិន ដៃម្ខាងការពារជាតិ ដៃម្ខាងកសាងប្រទេសជាតិ បង្កបង្កើនផល កសាងធនធានមនុស្ស ចាប់ផ្តើមពីសេដ្ឋកិច្ចផែនការ រហូតប្រែក្លាយទៅជាប្រទេសអនុវត្តនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី និងមានអ្វីៗ គ្រប់បែបយ៉ាង ដែលធ្វើឲ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព សុភមង្គល ដូចពេលបច្ចុប្បន្ននេះ៕