(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នាព្រឹកថ្ងៃ០២ ខែមេសា ឆ្នាំ២០១៨នេះ រួមជាមួយចៅអធិការវត្តសំបួរមាស ចៅអធិការវត្តឬស្សីសាញ់ និងមន្ត្រីរាជការខណ្ឌ សង្កាត់-ភូមិ បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ នៅក្នុងសង្កាត់ដង្កោ។
ក្នុងឱកាសនោះ លោកអភិបាល បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិ រីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងយកចិត្តទុកដាក់ដល់ការលំបាក របស់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែលជាជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា នៅក្នុងមូលដ្ឋាន និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។
លោកអភិបាល ក៏បានធ្វើការណែនាំ ដល់បងប្អូនទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការហាត់ប្រាណ អនាម័យសុខភាព ហូបស្អាត ផឹកស្អាត ដើម្បីបន្តរស់នៅយូរអង្វែង រងចាំមើលការអភិវឌ្ឍរីកចម្រើន ទៅមុខទៀតរបស់ប្រទេសជាតិ។
សូមជម្រាបថា ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់១០មុខផ្សេងទៀត រួមនឹងថវិកា ៣ម៉ឺនរៀល។ ក្នុងឱកាសនោះ ព្រះគ្រូព្រហ្មជោតោ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ បានឧបត្ថម្ភបន្ថែម គ្រឿងឧបភោគបរិភោគ ០១កញ្ចប់ផងដែរ៕