(ភ្នំពេញ)៖ ស្ថាប័នព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៦៧ ឈានចូល៦៨ឆ្នាំ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។ នេះបើតាមសារលិខិតព្រឹទ្ធសភា ដែលចុះហត្ថលេខាដោយ លោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភានៅថ្ងៃនេះ។
ក្នុងសារលិខិតរបស់ លោក នៃ ប៉េណា បានលើកឡើងយ៉ាងដូច្នេះថា៖ នាឱកាសដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ ក្នុងនាមសមាជិក សមាជិការព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអនុញ្ញាតសម្តែង នូវមោទនភាព និងគោរពកោតសរសើរបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច ប្រទេសជាតិបានទទួលនូវការឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គល និងវិបុលភាព។ បច្ចុប្បន្នកិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក តាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសព្វ និងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេច។
សារលិខិតលោក នៃ ប៉េណា ក៏បានលើកឡើងទៀតថា ឆ្លៀតក្នុងឱកាសដ៏សែននក្ខត្តឫក្សនេះ តាងនាមថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុសាកសិទ្ធិទាងឡាយលើលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមណ មហោទរាទេវី សូមមេត្តាជួយបីបាច់ថែរក្សាប្រទានព័រជ័យ សិរីសួស្តី ជ័យ មង្គល គ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជម្មាយុយឺនយូរ សុភាពបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រជះត្រចង់ ក្នុងដំណើរការដឹកនាំប្រទេស កម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សប្បួណ៍សប្បាយ រុងរឿង និង អភិវឌ្ឍលើគ្រប់វិស័យជានិរន្តរ៍៕