(ភ្នំពេញ)៖ វាជាជោគជ័យដ៏ធំធេងមួយ សម្រាប់ពានរង្វាន់ប្រចាំឆ្នាំលើកទីបី របស់ «PropertyGuru Cambodia Property Awards» ឆ្នាំ ២០១៨ ដែលបាននាំមកជូន ដោយក្រុមហ៊ុន KHI បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមីនាកន្លងទៅនេះ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ត្រូវគេបានមើលឃើញពីការកើនឡើងយ៉ាងច្រើន នៃចំនួនភ្ញៀវចូលរួមទាំងជាតិ និងអន្តរជាតិមកពីវិស័យនេះ ដែលឆ្លុះបញ្ចាំង អំពីវិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជាកំពុងមានភាពទាក់ទាញ និងចាប់អារម្មណ៍ពីបណ្តាវិនិយោគិននានា ទាំងក្នុងស្រុក និងក្នុងតំបន់។
ពិធីប្រគល់ពានរង្វាន់ ត្រូវបានប្រារព្ឋធ្វើឡើងនារាត្រីស្រមោលស ក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំនៅ Sofitel Phnom Penh Phokeethra ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៣៦០នាក់ ដែលសុទ្ធសឹងជាវិនិយោគិន ម្ចាស់គម្រោងអភិវឌ្ឍន៍ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនរចនាផ្ទៃក្នុង បានមកអបអរសាទរវិស័យអចលនទ្រព្យ ដោយមានពានរង្វាន់ចំនួន ២៦ប្រភេទ បានផ្តល់ជូនដល់អ្នក ដែលល្អបំផុតនៅក្នុងវិស័យអចលនទ្រព្យ ក្នុងស្រុកផងដែរ។
សម្រាប់អ្នកទទួលបានជ័យលាភីចំនួន ២៧ នាក់ និងក្រុមហ៊ុនដែលទទួលបានការកោតសរសើរខ្ពស់ ចំនួន ៣០ ត្រូវបានទទួលស្គាល់ និងវាយតម្លៃដោយគណៈកម្មាធិការឯករាជ្យ សម្រាប់ការអភិវឌ្ឍ ការរចនា និងការអនុវត្តន៍អាជីវកម្មល្អឥតខ្ចោះ។ មានក្រុមហ៊ុនជាង៥០ តែប៉ុណ្ណោះ ដែលមានសិទ្ធចូលរួមប្រកួតក្នុងចំណោម ក្រុមហ៊ុនបានដាក់ពាក្យយ៉ាងច្រើន ដែលចំនួននេះកើនឡើងទ្វេរដង ធៀបនឹងឆ្នាំមុន ត្រូវបានទទួលយកដោយ អ្នករៀបចំសម្រាប់ឆ្នាំនេះ។
បុរីប៉េងហួតគ្រុប គឺជាអ្នកឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ដែលបានឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍ល្អបំផុត សម្រាប់៣ឆ្នាំជាប់ៗគ្នា និងទទួលបានពិន្ទុសរុបចំនួន ១៧ គឺជាអ្នកនាំមុខឧស្សាហកម្ម ដែលបានទទួលពានរង្វាន់នៅក្នុងព្រឹត្តិការណ៍ អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ២០១៨នេះ។
ចំពោះក្រុមហ៊ុន ដែលទទួលបានពានរង្វាន់ និងការសរសើរជាច្រើនរួមទាំងប្រភេទ ពានរង្វាន់ការទទួលស្គាល់ នៃទំនួលខុសត្រូវសង្គម(CSR)ផងដែរ។ នៅឆ្នាំ ២០១៧ បុរីប៉េងហួតគ្រុបបានផ្តល់ជំនួយ សប្បុរសធម៌ជាច្រើនដោយបានបរិច្ចាគ «ច្រើនជាង ២ លានដុល្លារទៅក្នុងសកម្មភាពសង្គម ហើយថ្មីៗនេះ បានចាប់ផ្តើមបង្កើតគំនិផ្តួចផ្តើម ដើម្បីគាំទ្រដល់សមាគមសិល្បៈប្រពៃណីខ្មែរ និងក្លឹបកីឡាជាច្រើន និងគម្រោងសាងសង់ផ្លូវថ្មី ដែលសម្ពោធដោយលោកនាយករដ្ឋមន្ត្រីផងដែរ»។
នេះគឺជាលើកទីមួយហើយ ដែលពានរង្វាន់ជាប្រភេទ CSR ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ ហើយបុរីប៉េងហួតបានទទួលជ័យជម្នះ នៅក្នុងប្រភេទពាន់រង្វាន់នេះ ជាមួយក្រុមហ៊ុនជប៉ុន Creed Group និងសម្ព័ន្ធក្រុមហ៊ុន Creed Asia (Cambodia) Co. , Ltd និងក្រុមហ៊ុន Triple Gem Assets Co ហើយបើយោងតាមចៅក្រមបានឲ្យដឹងថា «ពានរង្វាន់នេះគឺសម្រាប់ប្រជាប្រិយភាព នៃស្តង់ដារគុណភាពជប៉ុននៅក្នុងប្រទេសកម្ពុជា និងការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ បែបរចនាបទរបស់ពួកគេ»។ ក្រុមហ៊ុន Creed Group ក៏ទទួលបានការទទួលស្គាល់ជាពិសេស នៅក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
សម្រាប់ពានរង្វាន់ពិសេសថ្មីមួយទៀត ដែលត្រូវបានជ្រើសរើសដោយ ដៃគូសហការគឺអង្គការ CARE ត្រូវបានផ្តល់ឲ្យសាជីវកម្មអន្តរជាតិ Pisnoka ដែលបានបង្ហាញអំពីភាពខុសគ្នា ពីការងាររបស់ខ្លួនក្នុងការការពារសិទ្ធិ របស់កម្មករសំណង់ជាស្រ្តី។
បើយោងតាមអង្គការ CARE បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រុមហ៊ុន Pisnoka នាំមុខក្នុងការផ្តល់ការបណ្តុះ បណ្តាលដល់កម្មករសំណង់ជាស្ត្រី លើសិទ្ធិការងារ។ ពួកគេបានបង្កើតជាគំរូដ៏ល្អសម្រាប់ក្រុមហ៊ុនដទៃៗទៀត នៅក្នុងវិស័យនេះសម្រាប់ការគ្រប់គ្រង នៅនឹងកន្លែងដោយផ្តល់កន្លែងថែទាំសុខភាព បន្ទប់ទឹកដាច់ដោយឡែកពីកម្មករជាបុរស ដោយមានការបិទផ្ទាំង ព័ត៌មានអំពីសុវត្ថិភាពសុខភាពការងារ និងការធានាឲ្យបុគ្គលិកស្រីៗ ទទួលបានឧបករណ៍ការពារផ្ទាល់ខ្លួន ផងដែរ»។
ជាមួយនិងគម្រោងអភិវឌ្ឍ បែបចម្រុះជាច្រើនកំពុងសាងសង់ ក្រុមអ្នកអភិវឌ្ឍន៍នៅទីក្រុងភ្នំពេញ និងខេត្តព្រះ សីហនុក៏ទទួលបាននូវពានរង្វាន់មាសជាច្រើន ក្នុងពិធីនារាត្រីសមោសនោះ ដោយរួមមាន ក្រុមហ៊ុនសាងសង់ LIXIN ដែលកំពុងអភិវឌ្ឍគម្រោង CEO KT Pacific ក្រុមហ៊ុន Phnom Penh City Center ដែលអភិវឌ្ឍគម្រោង Eden Garden និងក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៌ KHCN Investment and Development Co., Ltd ដែលអភិវឌ្ឍគម្រោង Seagate Suite ។
លោក សន សៀប ដែលជាអ្នកមានបទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យជាង ១០ឆ្នាំ និងជាប្រធានគណះកម្មាការ
វិនិច្ឆ័យបានថ្លែងអោយដឹងថា «គណៈវិនិច្ឆ័យគឺមានឯករាជ្យភាព តម្លាភាព និងភាពយុត្តិធម៌ក្នុងការជ្រើសរើស អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុតប្រចាំឆ្នាំនេះ។ ពានរង្វាន់នេះមានសារៈសំខាន់ណាស់ ក្នុងការជម្រុញឱ្យមានការរីកចម្រើនក្នុងវិស័យសំណង់ និងវិស័យអចលនទ្រព្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រកួតប្រជែងនេះក៏ជួយទាក់ទាញ វិនិយោគិនមកកាន់ប្រទេសកម្ពុជា កាន់តែច្រើនផងដែរ ដែលវាមានអត្ថប្រយោជន៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន និងអនាគត»។
លោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ពិធីប្រគល់ពានរង្វាន់ ហើយលោកបានលើកទឹកចិត្តចំពោះ គំនិតច្នៃប្រឌិតលើការរចនា ការសាងសង់ និងការពាំនាំយកមកនូវគំនិតអភិវឌ្ឍន៍ថ្មីៗ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិតបានថ្លែងថា «ភាពជោគជ័យនៃកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ២០១៨នេះ បានបង្ហាញយ៉ាងច្បាស់ថា វិស័យសំណង់ និង អចលនទ្រព្យគឺជាសសរស្តម្ភ ដ៏សំខាន់មួយដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច របស់យើង។ វាក៏ឆ្លុះបញ្ចាំងពីការជឿទុកចិត្ត ពីសំណាក់វិនិយោគិនទាំងជាតិ និងអន្តរជាតិមកលើការដឹកនាំ ដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ អស់រយៈពេលជាង ៣ទសវត្សរ៍មកនេះ»។
«រាជរដ្ឋាភិបាលកម្ពុជាតែងតែ ដាក់វិស័យឯកជនឈានមុខគេ ក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យចូលមក កាន់តែកាន់តែច្រើនថែមទៀត ដូចដែលយើងបានឃើញនៅពេលនេះ។ យើងជឿជាក់ថា ការប្រកួតប្រជែងដ៏ល្អនេះ ក្នុងចំណោមអ្នកអភិវឌ្ឍន៍ អាចនាំមកនូវសន្ទុះថ្មីមួយទៀត ដើម្បីលើកកម្ពស់វិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាឈាន ទៅមួយកម្រិតថែមទៀត»។ នេះបើយោងតាមការថ្លែងអះអាង របស់លោកបណ្ឌិត ប៉ែន សុផល បញ្ជាក់បន្ថែម៕