(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តន៍នូវកម្មវិធីកំណែទម្រង់ថវិកាសាធារណៈរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតនោះ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មី» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុចំនួន ២០៥នាក់ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មីនៅឆ្នាំ២០១៨។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រូវបានសហការរៀបចំឡើង ដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានវថិកា ក្រុមការងារបច្ចេកទេសកែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាល និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការបណ្តុះបណ្តាលមានរយៈពេល ៣ថ្ងៃ ចាប់ថ្ងៃទី២ ដល់ទី៤ ខែមេសា ឆ្នាំ២០១៨។
ថ្លែងក្នុងពិធីនោះលោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា គោលដៅប្រែក្លាយថវិកាឲ្យទៅជាឧបករណ៍គោលនយោបាយដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ និងមានក្រសួងស្ថាប័នចំនួន៣៩ រួមនឹងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ត្រូវចូលរួមអនុវត្តក្នុងឆ្នាំ ២០១៨នេះ។
លោកបន្តថា គ្រឹះសា្ថនសាធារណៈរដ្ឋបាល ដែលមានក្រសួងស្ថាប័នជាអាណាព្យាបាលបច្ចេកទេស ក៏ត្រូវចូលរួមអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មីផងដែរ ចាប់ពីឆ្នាំ២០១៨ តទៅ ហើយអនុលោមតាមស្មារតីនៃផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥ នៅត្រឹមឆ្នាំ២០២០ គ្រប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវចូលរួមអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មីទាំងអស់ ដើម្បីឱ្យការគ្រប់គ្រងថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល មានសង្គតិភាពគ្រប់ជ្រុងជ្រោយជាមួយនឹងនីតិវិធីហិរញ្ញវត្ថុជាធរមាន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង អាចប្រព្រឹត្តបានដោយរលូន និង ប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពខ្ពស់។
លោកបណ្ឌិត រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលស្តីពី «នីតិវិធីអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មី» នៅពេលនេះ នឹងរួមចំណែកធ្វើឲ្យការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ពិសេសពាក់ព័ន្ធការរៀបចំថវិកា, ការអនុវត្តថវិកា, ការអនុវត្តរជ្ជទេយ្យបុរេប្រទាន, រជ្ជទេយ្យចំណូល និង ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈជាដើម ប្រព្រឹត្តទៅបានរលូន និងសម្រេចជោគជ័យតាមការគ្រោងទុក និង ឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់អង្គភាពរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព សង្គតិភាព តម្លាភាព និង គណនេយ្យភាព ស្របតាមគោលបំណងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ។