(សៀមរាប)៖ អ្នកជំនាញខ្មែរខាងអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ កំពុងដំណើរការជួសជុលចម្លាក់ព្រះពុទ្ធបដិមា ចំនួន២អង្គ ស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប ខេត្តសៀមរាប។
សភាពនៃព្រះពុទ្ធបដិមា២អង្គ គឺបានបាត់បង់ព្រះកេស ព្រះហស្ថទាំងស្រុង និងដាច់ត្រឹមកជើង។ បដិមាព្រះពុទ្ធទាំងនេះ ធ្វើអំពីថ្មភក់ ក្នុងរចនាបទបាយ័ន ទ្រង់ឈរក្នុងកាយវិការអភ័យមុទ្រៈ លម្អដោយខ្មុក និងម្រ័ក្សណ៍ និងមានក្បាច់បិទលម្អដោយគ្រឿងសិប្បីសត្វថែមទៀត។
តាមលក្ខណៈសម្គាល់ខាងផ្នែកក្បាច់លម្អ និងរចនាបថ បង្ហាញថាព្រះពុទ្ធរូបទាំង២អង្គរនេះ ប្រហែលជាធ្វើឡើងក្នុងសម័យកណ្តាល (ស.វទី១៥-១៦) ជាសម័យដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយ គឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នមានប្រជាជននៅជុំវិញទីនេះ តែងតែមកបន់ស្រន់សុំទឹកភ្លៀង និងបានហៅឈ្មោះពុទ្ធបដិមាទាំង២អង្គនេះថា លោកតាសៅ។
លោក ឡុង ណារី ប្រធានគម្រោងជួសជុលបញ្ជាក់ថា គេពុំបានដឹងច្បាស់លាស់ពីពេលវេលា និងមូលហេតុដែលព្រះពុទ្ធបដិមាទាំងពីរអង្គនេះ មានការខូចខាតដោយសារអ្វីឡើយ។ ផ្អែកតាមស្លាកស្នាមជាក់ស្តែង ចម្លាក់ពុទ្ធបដិមាទាំងពីរអង្គនេះ គឺត្រូវបានជួសជុលម្តងរួចទៅហើយ ប្រហែលជានៅសតវត្សទី១៦ ដែលគេប្រើដែកស្នូលមានរាងជ្រុងសម្រាប់តភ្ជាប់ ខុសពីការជួសជុលនៅសម័យបារាំង ដែលប្រើស្ពាន់ និងដែកសរសៃមូល។ ម្យ៉ាងទៀតការជួសជុលសម័យនោះ គេប្រើថ្មថ្មីជំនួសកន្លែងដែលបាត់បង់ និងផ្នែកខ្លះបានប្រើប្រាស់ឈើតភ្ជាប់ជាមួយថ្ម បន្ទាប់មកលាបម្រ័ក្សណ៍ពីលើដើម្បីលម្អ។
លោកបានបន្ថែមថា ក្រុមការងារនឹងយកសារធាតុម្រ័ក្សណ៍នេះ ទៅពិសោធនៅមន្ទីរពិសោធន៍របស់ប្រទេសកូរ៉េ ដើម្បីឱ្យដឹងពីសមាសធាតុផ្សំថាមានអ្វីខ្លះ។ ចំពោះបច្ចេកទេសនៃការជូសជុលទៀតសោត ក្រុមការងារនឹងរៀបចំតបំណែកបាក់បែករបស់ព្រះពុទ្ធរូប អភិរក្សក្បាច់ និងគ្រឿងលម្អដទៃដោយប្រើបច្ចេកទេសបុរាណ គួបផ្សំនឹងការប្រើសម្ភារថ្មីៗមួយចំនួន ដូចជាកាវបិទ បាយអរ ថ្មភក់ ដើម្បីពង្រឹងមុខតំណរ ពង្រឹងស្នាមប្រេះ និងលាងសម្អាតធូលីដី មុនឈានដល់ការផ្គុំឡើងវិញហើយជួសជុល។
ក្នុងករណីដែលស្រាវជ្រាវរកព្រះកេស និងព្រះហស្ថនៃពុទ្ធបដិមាទាំង២អង្គមិនឃើញ ក្រុមការងារនឹងនៅតែបន្តឱ្យពុទ្ធបដិមាទ្រង់គង់ឈរឡើងវិញ ដើម្បីឱ្យប្រជាជនបានគោរពបូជាជាប្រក្រតី នៅពេលខ្លីខាងមុខ។
លោក Sebastian Kerridge អ្នកសម្របសម្រួលកិច្ចការបច្ចេកទេសនៃស្ថាប័ន GIZ បញ្ជាក់ថា «ពួកយើងជាអ្នកគាំទ្រគម្រោងអភិរក្សថ្ម តាមរយៈការជួយបណ្តុះបណ្តាលធនធានមនុស្ស របស់អាជ្ញាធរជាតិអប្សរា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គម្រោងនេះ យើងបានបណ្តុះបណ្តាលអ្នកជំនាញខ្មែរបានជាច្រើនរូប លើការងារជួសជុល និងអភិរក្សថ្ម ហើយបច្ចុប្បន្នអ្នកជំនាញទាំងនេះ កំពុងបំពេញការងារដោយផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងអង្គភាពអាជ្ញាធរជាតិអប្សរា។ នេះលទ្ធផលល្អប្រសើរ ដែលយើងចង់ឃើញប្រជាជនខ្មែរបំពេញការងារអភិរក្សជួសជុលប្រាសាទខ្មែរ ដោយស្មាដៃរបស់ពួកគេផ្ទាល់»។ លោកសង្ឃឹមថា ចំណេះដឹងនេះនឹងបន្តផ្ទេរដល់អ្នកជំនាញក្មេងៗជំនាន់ក្រោយ ដែលនឹងបន្តវេននាពេលអនាគត។
លោក ឡុង ណារី ក៏បានសំណូមពរដល់ប្រជាជនទាំងអស់ ដែលមានជំនឿ និងស្រលាញ់មរតកដូនតា គួរតែលើកតម្លៃព្រះពុទ្ធសាសនា ពេលមកអុជធូប ទៀន ស្រោចទឹក ឬបាញ់ទឹកអប់ជាដើម សូមមេត្តាកុំឱ្យប៉ះពាល់ដល់រាល់បុរាណវត្ថុ ព្រោះគ្រឿងក្រអូប ផ្សែង កម្តៅទាំងអស់នេះ មានផ្ទុកសារជាតិបង្កឱ្យមានបញ្ហាដល់ព្រះបដិមា៕