(រតនគិរី)៖ នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ប្រជាពលរដ្ឋខេត្តរតនគិរីប្រមាណ ១៨៤,២៩៤នាក់ បានទទួលសេវាពិនិត្យសុខភាព និងព្យាបាលពីនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានានៅទូទាំងខេត្តរតនគិរី។ ទិន្នន័យនេះត្រូវបានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តរតនគិរី ដែលធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គិត ទ្រី អភិបាលខេត្តស្តីទី។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តឲ្យដឹងថា មន្ត្រីសុខាភិបាលបានខិតខំយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងការងារប្រយុទ្ធនឹងជំងឺឆ្លងផ្សេងៗ ដែលបច្ចុប្បន្នកំពុងស្ថិតលើមាគ៌ាវឌ្ឍនភាព។ លោកបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៧ មានអត្រាស្លាប់០% ដែលវឌ្ឍនភាពនេះនឹងបន្តឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការលុបបំផាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។
អភិបាលខេត្តស្តីទីលោក គិត ទ្រី និងលោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលមន្ទីរសុខាភិបាលខេត្ត សម្រេចបានក្នុងឆ្នាំ២០១៧ កន្លងទៅ។ លោកថា លទ្ធផលទាំងនេះជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធគ្រប់ផ្នែកនៅក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
លោក គិត ទ្រី និងលោក ស៊ឹម សនឡៃ បានលើកឡើងថា សុខភាព គឺជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ នៅពេលដែលប្រជាពលរដ្ឋមានសុខភាពល្អ នឹងមានលទ្ធភាពពេញលេញនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារ និងគុណភាពជីវិត។ នៅក្នុងបរិបទកំណែទម្រង់មន្ត្រីសុខាភិបាលគ្រប់រូប ត្រូវបន្តពង្រឹងសមត្ថភាពចំណេះដឹង ពង្រឹងកាងារផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ ស្នាមញញឹម ត្រូវប្រកាន់ភ្ជាប់ឥរិយាបទជាអ្នកបម្រើ និងវប្បធម៌សេវាសាធារណៈ ស្គាល់អំពីតួនាទី ភារកិច្ចរបស់ខ្លួន និងចេះរៀបចំផែនការសម្រាប់អនុវត្តនៅក្នុងកិច្ចការងារ ។
សូមបញ្ជាក់ថា នៅក្នុងខេត្តរតនគិរី មានមន្ត្រីសុខាភិបាលសរុបចំនួន ៤៣៩នាក់ មានមន្ទីរពេទ្យបង្អែកចំនួន០២ មណ្ឌលសុខភាព ២៥ និងប៉ុស្តិ៍សុខាភាពមួយចំនួនទៀត៕