(កូរ៉េ)៖ ក្រោមព្រះរាជ្យតម្រិះផ្ដួចផ្ដើមរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដោយមានកិច្ចសហការគាំទ្រពីស្ថានទូតកម្ពុជា និងសប្បុរសជនកូរ៉េ នៅពេលនេះ យើងមានទីតាំងសម្រាប់កសាងវត្តខ្មែរ ដែលមានរចនាបថខ្មែរ នៅលើទឹកដីកូរ៉េហើយ។ នេះជាការថ្លែងរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង។
លោក ឡុង ឌីម៉ង់ បានថ្លែងសន្ទរកថាស្វាគមន៍ ក្នុងព្រះរាជពិធីសម្ពោធវត្តមហាយ៉ាណា និងមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅកូរ៉េ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិ ឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ទីក្រុងអានសាន នាថ្ងៃអាទិត្យ ១រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ម្សិលមិញ នាទីក្រុងអានសាន។
លោក ឌីម៉ង់ បានលើកឡើងថា «នេះជាចំណុចចាប់ផ្តើមឈានទៅការកសាងវត្តខ្មែរ លើកទីមួយនៅកូរ៉េបានផ្តើមហើយ គឺចេញពីការសម្ពោធវត្តខ្មែរម៉ាហាយ៉ាណា និងមជ្ឍមណ្ឌលវប្បធម៌ខ្មែរ នៅទីក្រុងអានសាន ជាមួយនឹងការថ្វាយសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស នូវដីមួយកន្លែងទំហ៊ំប្រមាណ១៨០០ម៉ែត្រការ៉េ (ក្នុងក្រុងអានសាន) ពីសំណាក់សប្បុរសជនកូរ៉េ ដើម្បីសាងសង់វត្តអារាមខ្មែរដែលមានរចនាបថខ្មែរ។ ដូច្នេះសុបិន្តរបស់ពលរដ្ឋខ្មែរនៅកូរ៉េ ដែលចង់ឃើញមានវត្តមានទីអារាមខ្មែរ នៅកូរ៉េដើម្បីជួយមើលថែទាំបងប្អូនយើងជាង៦ម៉ឺននាក់នេះ នឹងចាប់ផ្តើមក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះហើយ»។
គួរបញ្ជាក់ផថែដែរថា វត្តមហាយ៉ាណា និងមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅកូរ៉េ ដែលត្រូវបានសម្ពោធកាលពីម្សិលមិញ ត្រូវបានរៀបចំជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ភាសា និងគាំពារពលករខ្មែរ ហើយផ្នែកខាងលើបានរៀបចំជាព្រះវិហារសម្រាប់ពុទ្ធបរិស័ទគោរពប្រតិបត្តិ និងរៀបចំកម្មវិធីសាសនាផ្សេងៗ៕