(បាត់ដំបង)៖ ពីលើវេទិកាសម្ពោធផ្លូវលេខ១៥៧៧ ពីស្រុករតនៈមណ្ឌល ទៅកាន់ស្រុកសំឡូត ខេត្តបាត់ដំបងនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋកុំប្រើអំពើហិង្សាក្នុងករណីគ្រោះថ្នាក់ចរាចរ ដោយទុកលទ្ធភាពឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាត្រូវប្រកាន់ខ្ជាប់នូវធម៌ខន្តី និងការសណ្តោសប្រណីគ្នាទៅវិញទៅមក មិនត្រូវប្រើហិង្សាដូចក្នុងករណីគ្រោះថ្នាក់ចរាចររបស់លោកបណ្ឌិត ស៊ុយ សារ៉េត។ សម្តេចក្រឡាហោមចាត់ទុកការប្រើអំពើហិង្សាក្នុងករណីគ្រោះថ្នាក់ចរាចរនេះ គឺជាដ៏ឈឺចាប់មួយ។
នៅចំពោះមុខប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីរាប់ពាន់នាក់សម្តេចក្រឡាហោម ស ខេង បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ក្នុងករណីដែលមានការប៉ះទង្គិច មានគ្រោះថ្នាក់សូមមេត្តាកុំប្រើអំពើហិង្សាយើងជាអ្នកកាន់ធម៌ព្រះពុទ្ធដូចគ្នាទាំងអស់ អ៊ីចឹងយកធម៌ខន្តី ការយោគយល់ សណ្តោសប្រណៃទៅវិញទៅមក [...] ។ [...] មិនត្រូវយកមធ្យោបាយ វិធានការដោះស្រាយដោយប្រើអំពើហិង្សាដូចករណីកើតនៅភ្នំពេញទេ យើងឈឺចាប់ណាស់ ម៉េចក៏មិនហៅរកសមត្ថកិច្ច ប៉ូលិសនៅក្បែរណុងហៅមក ដើម្បីគេវាស់គេវែងទៅនរណាខុស នរណាត្រូវអ្នកនោះទទួលខុសត្រូវទៅ»។
សម្តេចក្រឡាហោម ស ខេង បានចាត់ទុកអំពើហិង្សាក្នុងគ្រោះថ្នាក់ចរាចរគឺជាអំពើមួយកើតឡើងព្រោះតែការធ្លាក់ចុះនៃក្រមសីលធម៌នៅក្នុងសង្គម។ សម្តេច ស ខេង ក៏បានបន្ទោសផងដែរថា ទៅដល់កងកម្លាំងនគរបាលនៅតាមគោលដៅនីមួយៗ ដោយសម្តេចថា ពេលខ្លះអំពើហិង្សាកើតមានឡើង ក៏ព្រោះតែភាពយឺតយ៉ាវរបស់កម្លាំងសមត្ថកិច្ចក្នុងការចេញទៅអន្តរាគមន៍។
សម្តេចក្រឡាហោមថា នឹងប្រឹងប្រែងកែលំអរលើចំណុចអសកម្មរបស់មន្ត្រីនគរបាលលើចំណុចនេះ ដើម្បីជួបទប់ស្កាត់កុំឲ្យមានអំពើហិង្សា កើតឡើងក្នុងពេលកើតគ្រោះថ្នាក់ចរាចរ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨កន្លងទៅ មានអំពើហិង្សាលើដងវិថីដ៏រន្ធត់មួយបានកើតឡើង ដោយប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមវាយកម្ទេចរថយន្ត និងវាយទាត់ធាក់យ៉ាងដំណំលើលោកបណ្ឌិត ស៊ុយ សារ៉េត ដែលជាសាស្ត្រចារ្យមួយរូប ក្រោយមានហេតុការណ៍បើករថយន្តទៅប៉ះជាមួយម៉ូតូ។
លោក ស៊ុយ សារ៉េត បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតបញ្ជូនទៅសង្គ្រោះនៅវៀតណាម តែមកដល់ពេលបច្ចុប្បន្ននេះអាការៈរបួសបានធូរស្រាលឡើងវិញហើយ។ ក្នុងហេតុការណ៍អំពើហិង្សានេះ មានមនុស្ស៣នាក់ ដែលបានវាយកម្ទេចរថយន្ត និងវាយលោកបណ្ឌិត ស៊ុយ សារ៉េត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ខណៈមនុស្សពាក់ព័ន្ធ៨នាក់ផ្សេងទៀតបានរត់គេចខ្លួន៕