(កោះកុង)៖ ដើម្បីរឹតចំណងមិត្តភាព រវាងខេត្តកោះកុង និងខេត្តត្រាត ប្រទេសថៃ រវាងប្រជាជនទាំងទ្វេភាគី មន្ត្រីរាជការ និងមន្ត្រីរាជការ និងដើម្បីលើកស្ទួយ ផ្នែកវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច និងវិស័យវប្បធម៌ រវាងខេត្តកោះកុង និងខេត្តត្រាត បានរៀបចំពិព័រណ៍ពាណិជ្ជកម្មឃុំ១ ផលិតផល១ (OTOP) នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។
ពិព័រណ៍ពាណិជ្ជកម្មឃុំ១ ផលិតផល១ ខេត្តកោះកុង និងខេត្តត្រាត ដោយមានការចូលរួម ក្រោមអធិបតីភាព លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង រួមនឹងមន្ត្រីក្រោម ឱវាទជាច្រើនរូប។ រីឯភាគីថៃ មានការចូលរួមក្រោមអធិបតីភាពលោក សុរៈឃិត ប៉វ៉ន អភិបាលរងខេត្តត្រាត និងមន្ត្រីក្រោមឱវាទជាច្រើនរូប។
លោក ផៃធូន ផ្លាមកេសន បានថ្លែងថា ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសជិតខាង ដែលមានព្រំប្រទល់ជាប់គ្នា ដូច្នេះត្រូវមានការទំនាក់ទំនង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការងារគ្នាទៅវិញទៅមក ដើម្បីលើកស្ទួយផ្នែកវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យវប្បធម៌។
លោកបញ្ជាក់ថា វិស័យទាំង៣នេះ គឺជាវិស័យដែលប្រទេស អាចធ្វើការទាក់ទាញភ្លៀវទេសចរជាតិ-អន្តរជាតិ មានការចាប់អារម្មណ៍ ចូលមកកំសាន្តទិញ របស់របរ បើកកាលណាវិស័យនេះ លូតលាស់រីកចំរើន ប្រជាជនក៏មានជីវភាពធូរធារ ទៅតាមកាលៈទេសៈដែរ។
លោក ផៃធូន ផ្លាមកេសន បានបន្តថា ការតាំងពិព័រណ៍ពាណិជ្ជកម្ម ឃុំ១ ផលិតផល១ (OTOP) នេះជាលើកទី៦ ហើយរវាងខេត្តកោះកុង-ខេត្តត្រាត ហើយផលិតផល របស់ប្រទេសវៀតណាម ក៏ចូលរួមផងដែរ។
លោកបានបញ្ជាក់ថា ក្នុងនាមប្រទេសជិតខាងគ្នា ត្រូវមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីរកកន្លឹះកែឆ្នៃ នៅអ្វីផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ឲ្យវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍, វិស័យវប្បធម៌ កាន់រីកចំរើន ដើម្បីប្រជាជន និងប្រទេសយើង ទាំងអស់គ្នា៕