(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានជម្រុញឲ្យមន្ត្រីរាជការក្រោមឱវាទទាំងអស់ រួមគ្នាគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង៧៖៣០នាទី និងរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង៥៖៣០នាទី ក្នុងការបញ្ជាក់អំពីការគោរពវិន័យ និងលក្ខន្តិករបស់មន្ត្រីរាជការស៊ីវិល ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់តាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការជម្រុញបែបនេះរបស់លោក ជា ពិសី បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅបរិវេណក្នុងសាលាខណ្ឌឫស្សីកែវ ពេលដែលដឹកនាំលោក-លោកស្រី អភិបាលរងខណ្ឌ មន្ត្រីរាជការ បុគ្គលិក សាលាខណ្ឌទាំងអស់ ដើម្បីចូលរួមក្នុងការគោរពទង់ជាតិរួមគ្នា។
លោក ជា ពិសី បានថ្លែងថា សូមឲ្យអស់លោក-លោកស្រី ទាំងអស់ ជាមន្ត្រីរាជការ បុគ្គលិកគ្រប់ៗរូប ជាពិសេស ប្រធានការិយាល័យជុំនាញចំណុះឲ្យសាលាខណ្ឌទាំងអស់ ត្រូវពិនិត្យតាមដានរាល់សកម្មភាព របស់មន្ត្រី បុគ្គលិក នៅក្នុងការិយាល័យរបស់ខ្លួន ទាំងការចុះបញ្ជីវត្តមាន ធ្វើយ៉ាងណា ចូលរួមគោរពទង់ជាតិរួមគ្នា ឲ្យមានប្រសិទ្ធភាព ក្នុងការគោរពវិន័យការងាររបស់ មន្ត្រី បុគ្គលិកម្នាក់ៗ ស្របទៅតាមលក្ខន្តិករបស់មន្ត្រីរាជការ។
លោក ជា ពិសី បានថ្លែងទៀតថា ជារៀងរាល់ថ្ងៃចន្ទ វេលាម៉ោង៧៖៣០នាទី និងថ្ងៃសុក្រ វេលាម៉ោង៥៖៣០នាទី គណៈអភិបាលខណ្ឌ មន្ត្រីរាជការ បុគ្គលិក សាលាខណ្ឌទាំងអស់ ត្រូវរុះរាន់ឲ្យបានទាន់ពេលវេលា មកចូលរួមគោរពទង់ជាតិរួមគ្នា នៅខាមុខទីធ្លានៃសាលាខណ្ឌ ជាពិសេសប្រធានតាមបណ្ដាការិយាល័យជុំនាញ ត្រូវមានវិធានការចំពោះមន្ត្រី ឬបុគ្គលិករូបណា ដែលមិនទាន់អនុវត្តភារកិច្ចមួយនេះឲ្យបានល្អប្រសើរ ទៅតាមការណែនាំ នៃលក្ខន្តិករបស់មន្ត្រីរាជការស៉ីវិល៕