(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់ទៅកងទ័ព ឲ្យពង្រឹងស្មារតី ជឿជាក់លើការដឹកនាំរបស់ រាជរដ្ឋាភិបាល និងការពារសមិទ្ធផលនានា ដែលចេញពីការបោះឆ្នោត ជាពិសេសត្រូវការពាររដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត ព្រមទាំងក្រុមប្រឆាំងមានឱកាស ផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយណាមួយបានជាដាច់ខាត។
នៅព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ លោកស្រី ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អគារការិយាល័យទី៤ កងពលតូចទ័ព ពិសេស ឆ័ត្រយោង៩១១ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូលផងដែរ។ លោកស្រីបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វីឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបានអនុវត្តនូវនយោបាយឈ្នះឈ្នះ ដោយគោរពតាមទៅតាម អភិក្រមទាំង៤ដែលជាសសរស្តម្ភគឺ មនុស្ស ផ្លូវ ទឹក ភ្លើង។
លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ផានអ៊ីម៉ិច ដែលមានលោកស្រី ស៊ុយ សុផាន ជាប្រធាន និងលោក តាំង គឹមថុង ដែលបានចូលរួមបរិច្ចាគធនធានមានទាំងសម្ភារ និងថវិកាជាច្រើន ដើម្បីរួមចំណែកជួយគាំទ្រ និងលើកទឹកចិត្ដដល់កងកម្លាំងប្រដាប់អាវុធ ដ៏អង់អាចក្លាហាន ជាពិសេសកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដែលមានឧត្តមសេនីយឯក ចាប ភក្តី ជាមេបញ្ជាការឱ្យបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី និងកាន់តែមានកម្លាំងចិត្ត និងភាពកក់ក្ដៅថែមទៀត។
លោកស្រីក៏បានផ្តាំផ្ញើរជូនអង្គភាព កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ដូចតទៅ៖
*ទី១៖ ត្រូវចូលរួមថែរក្សាខឿនការពារជាតិឲ្យបាន រឹងមាំ ដល់កិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនានៃសង្គមជាតិ តាមរយៈការចូលរួម ការបង្កើននូវភាពជិតស្និទ្ធ និងបានដឹងសុខទុក្ខគ្នាទៅវិញទៅមករវាង រាជរដ្ឋាភិបាល វិស័យឯកជន និងវរៈសេនាតូចឈរជើង
*ទី២៖ សូមពង្រឹងស្មារតីជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល និងការពារសមិទ្ធផលនានា ដែលចេញពីការបោះឆ្នោតសកល ជាពិសេសត្រូវការពាររដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត និងប្រឆាំងមានឱកាស ផ្តួលរំលំ រាជរដ្ឋាភិបាលតាមមធ្យោបាយណាមួយបានជាដាច់ខាត
*ទី៣៖ ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិ មាតុភូមិ ហ៊ានធ្វើពលីកម្ម និងលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងចេះរួមសាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នា ជាធ្លុងមួយ
*ទី៤៖ ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យខ្មាំងសត្រូវឈ្លានពានទឹកដីបានសូម្បីតែមួយ ចំអាម តែមិនត្រូវឈ្លានពានប្រទេសជិតខាងឡើយ និងត្រូវបង្កើនស្មារតីសាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងល្អ
*ទី៥៖ សូមខិតខំបង្កើនសមត្ថភាពការងារជំនាញ តាមរយៈហ្វឹកហាត់ ជាប្រចាំ និងប្រកាន់ខ្ជាប់នូវវិន័យ របស់កងទ័ព រក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយសថ្លៃថ្នូ សក្តិសមជាកងទ័ពជាតិបំរើប្រជាជន៕