Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តត្បូងឃ្មុំ ជំរុញឲ្យអាជ្ញាធរ និងអ្នកស្នេហាវិស័យកីឡាទាំងអស់ រួមគ្នាបំផុសចលនាគ្រប់ប្រភេទកីឡាទូទាំងខេត្ត ឲ្យបានកាន់តែទូលំទូលាយ

02-04-2018 12:22

(ត្បូងឃ្មុំ)៖ ដើម្បីឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការកំណែទម្រង់ ការងារអប់រំកាយ និងកីឡា លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានអំពាវនាវដល់មន្រ្តី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ និងអ្នកស្នេហាវិស័យ កីឡាទាំងអស់ រួមគ្នាបំផុសចលនា គ្រប់ប្រភេទកីឡាទូទាំងខេត្ត ឲ្យបានទូលំទូលាយ ធ្វើយ៉ាងណាឲ្យយុវវ័យ នាំគ្នាងាកមកលេងកីឡា ដើម្បីសុខភាព ហើយត្រូវជៀសឲ្យឆ្ងាយ នូវល្បែងអបាយមុខផ្សេងៗ ពិសេសត្រូវនិយាយថាទេ «ចំពោះគ្រឿងញៀន»។

ការថ្លែងបែបនេះ ក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ តំណាងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Pepsei ជ្រើសរើសជើងឯក ទូទាំងខេត្តឆ្នាំ២០១៨ ក្រោមការសហការជាមួយក្លឹបបឹងកេត ក្រុងសួង ស្ថិតនៅក្រុងសួង នាល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។

លោក ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងការកោតសរសើរចំពោះ គណៈកម្មការកីឡា ដែលបានរៀបចំឲ្យមានការប្រកួត និងក្រុមកីឡាករ ក្នុងការចូលរួមប្រកួតរួមគ្នា គោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេស នៃការប្រកួត ដោយឈរលើស្មារតីស្រឡាញ់កីឡាពិតប្រាកដ ស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ឡើយ និងថ្លែងអំណរគុណ ដល់ម្ចាស់ឧបត្ថម្ភនានា ដែលធ្វើឲ្យការប្រកួត បានប្រព្រឹត្តិទៅបាន និងសូមបន្តសកម្មភាពដ៏ល្អបែបនេះ ជាបន្តទៀត ដើម្បីរួមគ្នាជួយលើកស្ទួយកីឡាក្នុងខេត្ត ឲ្យកាន់ផុសផុល ជាងនេះថែមទៀត ដែលជាផ្នែកមួយជួយបណ្តុះធនធានកីឡាករ សម្រាប់ក្រុមជម្រើសថ្នាក់ខេត្ត និងថ្នាក់ជាតិ។

ក្រោយការប្រកួតគ្នាយ៉ាងស្វិតស្វាញ ក្នុងចំណោមទាំង១០ក្រុម រួចមក ជាលទ្ធផលចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទាត់ បឹងកេតក្រុងសួង ទទួលបានទឹកប្រាក់៥០០ដុល្លារ ពានរង្វាន់១ បាល់៣ និងទង់១, លេខ២ បានទៅលើក្រុមបាល់ទាត់ ទិនហ្វីក្រុងសួង ទទួលបានទឹកប្រាក់៣០០ដុល្លារ, លេខ៣ បានទៅលើក្រុមបាល់ទាត់ រោងគោ ទទួលបានទឹកប្រាក់ ២០០ដុល្លារ និងលេខ៤ បានទៅលើក្រុមបាល់ទាត់ ណាឌិនមេមត់ ដោយក្នុង១ក្រុមៗទទួលបាន បាល់៣ និងទង់១ដូចគ្នា៕