(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បានស្នើឱ្យក្រុមមួយ ដែលបានរៀបចំសន្និសីទពិភាក្សាអំពីអនាគតកម្ពុជា នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ហើយធ្វើការរិះគន់ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជននោះ បង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងគ្នា។
មនុស្សមួយក្រុមដែល អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចង់សម្តៅទៅកាន់នោះ រួមមាន លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ លោក អៀ សុផល សាស្ត្រាចារ្យរងជំនាញខាងការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College, លោក ព្រាប កុល នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា, លោកស្រី ធីតា ឃឹះ នាយិការអង្គការសីលកា រួមជាមួយក្រុមអ្នកប្រឆាំងរដ្ឋាភិបាលមួយចំនួនទៀត ដែលបានប្រជុំពិភាក្សាអំពីអនាគតកម្ពុជា នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨។
លោក សុខ ឥសាន បានចាត់ទុកថា ការលើកឡើងនៅក្នុងកិច្ចពិភាក្សារបស់ក្រុមខាងលើនេះ គឺមានភាពលម្អៀងទៅរកនយោបាយប្រឆាំង ហើយហាក់ដូចជាគ្មានអ្វីប្លែកពីមតិដែលធ្លាប់លេីកឡេីងក្នុងការវិភាគកន្លងទៅដែរ។ ម៉្យាងទៀតជនបរទេសខ្លះ ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ បានមានមតិញុះញង់ឲ្យប្រជាជនកម្ពុជា ឱ្យងេីបឡើងប្រឆាំងនឹងរដ្ឋអំណាចរបស់ប្រទេស ដោយមិនគិតពីការប្រកួតប្រជែង តាមលទ្ធិប្រជាធិបតេយ្យឡេីយ។
លោកបានបន្តថា «រឿងមានលក្ខណៈសាមញ្ញសោះ តែបែរជានាំគ្នាធ្វេីពិបាកទៅវិញ? បេីអស់លោក លោកស្រីមានប្រាជ្ញាឈ្លាសវៃ មានទស្សនវិស័យភ្លឺថ្លាសម្រាប់ដឹកនាំប្រទេសទៅរកអនាគតភ្លឺស្វាងនោះ ហេតុដូចម្តេចមិនប្រមូលគ្នាបង្កេីតគណបក្សនយោបាយ ហេីយចុះឈ្មោះប្រកួតប្រជែងបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យទៅ? ហេីយបេីឈ្នះការបោះឆ្នោត អស់លោកនឹងបានដឹកនាំប្រទេសដោយស្របច្បាប់ ស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលបានបោះឆ្នោតគាំទ្រអស់លោក លោកស្រីហេីយ។ នេះហេីហៅថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសលេីពិភពលោកដែរ។ បេីគ្រាន់តែជិះយន្តហោះទៅប្រជុំផ្តល់អនុសាសន៍ញុះញង់ឲ្យប្រជាជនបះបោរផ្តួលរំលំរដ្ឋអំណាចនោះ អត់បានប្រយោជន៍ស្អីទេ សម្រាប់ប្រទេសជាតិ»៕