(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បានជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវបង្កើនការការពារ សន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរបរទេស តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួចឆក់។
ការជំរុញយ៉ាងដូច្នេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមដឹកនាំ កិច្ចប្រជុំ ត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងដកបទពិសោធន៍ នគរបាលទេសចរណ៍ ទូទាំងប្រទេស ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ របស់នាយកដ្ឋាននគរបាលទេសចរណ៍ ដែលរៀបចំធ្វើឡើង នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ។
ដើម្បីចូលរួម អនុវត្តផែនការ និងធានាប្រសិទ្ធភាព ការរក្សាសន្តិសុខ សុវត្ថិភាពទេសចរណ៍ ទូទាំងរាជធានី-ខេត្ត នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានធ្វើការណែនាំ និងដាក់ចេញ នូវវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖
១៖ ការគ្រប់គ្រងគោលដៅទេសចរណ៍ ជាអាទិភាពដែលមានក្នុងភូមិសាស្រ្ត នៃការទទួលខុសត្រូវរបស់ខ្លួន ដើម្បីពង្រាយកម្លាំងឈរជើង និងបែងចែកការទទួលខុសត្រូវ ។
២៖ ធ្វើការល្បាតតាមគោលដៅទេសចរណ៍ប្រមូលផ្តុំ និងគោលដៅសំខាន់ៗដទៃទៀត ដែលមុខសញ្ញាតែងធ្វើសកម្មភាព។
៣៖ ធ្វើការអប់រំផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដល់ទេសចរ និងសេវាកម្ម អំពីព័ត៌មាន ច្បាប់ពាក់ព័ន្ធ ដល់វិស័យទេសចរណ៍ ។
៤៖ ផ្តល់ប្រព័ន្ធ HotLine និងលេខទូរស័ព្ទ ដល់ទេសចរ គ្រប់សេវាកម្មពាក់ព័ន្ធមគ្គុទេស ក៏អង្គភាព ពាក់ព័ន្ធ ស្ថានទូត និងស្ថានតំណាង ដែលមានក្នុងប្រទេសកម្ពុជា។
៥៖ បង្កើនការដោះស្រាយ បញ្ហាប្រឈមនៅគោលដៅតាមបណ្តាកោះ តំបន់ឆ្នេរ និងគោលដៅផ្សេងៗទៀត អំពីកម្លាំងឈរជើង និងត្រៀមកម្លាំងប្រចាំការ មធ្យោបាយ ឧបករណ៍ សម្ភារសម្រាប់អន្តរាគមន៍ ដោះស្រាយសភាពការណ៍ឲ្យបានទាន់ពេលវេលា។
៦៖ កសាង និងពង្រឹងបណ្តាញអ្នកស្ម័គ្រចិត្ត ធ្វើការបំប៉ន ដើម្បីជាជំនួយចូលរួមការពារសន្តិសុខ សុវត្ថិភាពដល់ភ្ញៀវទេសចរ។
៧៖ ចាត់វិធានការបន្ទាន់ស្រាវជ្រាវ ស៊ើបអង្កេត លើទេសចរបរទេស ដោយមិនទុកឲ្យជនបរទេស យកប្រទេសកម្ពុជាជ្រកក្រោមផ្លាកទេសចរណ៍ ប្រព្រឹត្តបទល្មើស (ជួញគ្រឿងញៀន, ចាប់ជំរិត, ទេសចរណ៍ផ្លូវភេទ, លាងលុយ ឬលួចប្រាក់តាមប្រព័ន្ធធនាគារ, ប្រព្រឹត្តអំពើអនាចារ្យ)។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍អគ្គស្នងការរង ក៏បានផ្តល់ជូននូវសម្ភារ មធ្យោបាយមាន វ៉ាលី សង្រ្គោះ បឋម ចំនួន១០០ មានថ្នាំពេទ្យស្រាប់ អូប័រ២គ្រឿង រថយន្ត២គ្រឿង និងម៉ូតូ ចំនួន៥០គ្រឿង ដែលជាអំណោយ របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផ្តល់ជូនអង្គភាពចំណុះនាយកដ្ឋាន នគរបាលទេសចរណ៍ ការិយាល័យ អង្គភាព នគរបាល ទេសចរណ៍ ចំណុះស្នងការដ្ឋាននគរបាលរាជធានីខេត្ត ដើម្បីយកទៅ បំរើឲ្យវិស័យជំនាញ ឲ្យមានប្រសិទ្ធភាព ពិសេសការពារ ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យឆ្លងឆ្នាំប្រពៃណីខ្មែរ និងសង្រ្កាន្តឆ្នាំថ្មីពេលខាងមុខ៕