(សៀមរាប)៖ ក្នុងឱកាសចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នាថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៨ គណៈប្រតិភូក្រសួងការពារជាតិដឹកនាំដោយ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងនាយទាហានជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ ជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខ នាយទាហាន នាយហានរង និងពលទាហាននៅទិសទី៣ សមរភូមិមុខទិសយោធភូមិភាគទី៤ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ឧត្តមសេនីយ៍ឯក កែវ ធី នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និង ជាប្រធានគណៈបញ្ជាការឯកភាពទិសទី៣ បានលើកឡើងថា គណៈបញ្ជាការឯកភាពទិសទី៣ បានដឹកនាំកងឯកភាពកសាងជំរុំជំរកស្នាក់នៅ ចាត់តាំងបង្កបង្កើនផល ចិញ្ចឹមសត្វ គួបផ្សំជាមួយប្រាក់ហូបប្រចាំថ្ងៃរបស់សម្ដេចតេជោ បានរួមចំណែកលើកម្ពស់គុណភាពជីវភាពរស់នៅជូនកងទ័ពកាន់តែប្រសើរ។
ក្នុងនាមឱ្យនាយទាហាននាយទាហានរង និង ពលទាហានទាំងអស់នៅទិសទី៣ ឧត្តមសេនីយ៍ឯក កែវ ធី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិបណ្ឌិត ដែលជាមាតាបិតាដ៏ល្អប្រពៃប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមដែលជានិច្ចកាល តែងតែបានគិតគូរ យកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាកងយោធពលខេមរភូមិន្ទ ឱ្យមានគ្រប់លទ្ធភាព ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុង បុព្វហេតុការពារបូរណភាពទឹកដី និងការពារ សុខ សន្តិភាពជូនប្រជាពលរដ្ខ ។
នាឱកាសនោះក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងសម្តេចកតិ្តព្រឹទ្ធបណ្តិត ក៏ដូចជាថ្នាក់ ដឹកនាំក្រសួងការពារជាតិ តែងតែនឹករលឹកគិតគូ ដឹងសុខទុក្ខដល់បណ្តាលអង្គភាព ខ.ភ.ម ទាំងអស់ ទោះបីបោះទីតាំងនៅជិត ឬនៅឆ្ងាយក៏ដោយ ក៏សម្តេចទាំងពីរ តែងតែយកចិត្តទុក្ខដាក់ ដល់បងប្អូនកងទ័ពជានិច្ច។
លោក ម៉ឹង សំផន បានបញ្ជាក់ថា កងទ័ពត្រូវតែដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីការពារជាតិមាតុភូមិ ជាពិសេសកងទ័ពត្រូវតែមានឆន្ទះរឹងមាំប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិ និងប្រឆាំងរាល់ទង្វើទាំងឡាយណាដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ទទឹមនេះដែលកងទ័ពត្រូវមានភាពស្មោះត្រង់ចំពោះគណៈបក្សប្រជាជន និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរក្សាសន្តិភាព និង ការអភិវឌ្ឍយូរអង្វែង ទៅថ្ងៃអនាគត។
លោកបានក្រើនរំលឹកដល់នាយ នាយទាហានរង និងពលទាហាននៅទិសទី៣ ទាំងអស់ ធ្វើយ៉ាងណាចូលរួមរក្សាសន្តិភាព ដែលមានស្រាប់នៅកម្ពុជា ឲ្យបានគង់វង្សដោយត្រូវមានភាពស្មោះត្រង់ចំពោះ រាជរដ្ឋាភិបាល និងត្រូវគោរពរពឱ្យបាននូវរាល់បទបញ្ចារបស់ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បានដាក់ចុះ។
លោក ម៉ឹង សំផន ក៏បានជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់នៅទិសទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងចូលមកដល់នាពេលខាងមុខនេះសូម ឱ្យទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាអស់លោកជានាយទាហាន នាយទាហានរង និង ពលទាហាននៅក្នុងទិសទី៣ ទាំងអស់ ឱ្យមានកម្លាំងមាំមួន ប្រាជ្ញាវៀងវៃ ព្រមទាំងឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជានិច្ចនិរន្តរ៍តរៀងទៅ។
លោក ម៉ឹង សំផន ក៏បាននាំយកអំណោយរបស់ក្រសួងការពារជាតិ ផ្តល់ជូននូវថវិកានិងគ្រឿងឧបភោគ បរិភោគមួយចំនួនធំដល់បណ្តាលអង្គភាពឈរជើងនៅទិសទី៣ សមរភូមិមុខយោធភូមិភាគទី៤ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ក្នុងឱកាសចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ៕