(បាត់ដំបង)៖ ផ្លូវមួយខ្សែថ្មីទៀតស្ថិតនៅលើដែនដីអតីតសមរភូមិសង្គ្រាមដ៏ស្រួចស្រាវរបស់កម្ពុជាពីស្រុករតនៈមណ្ឌល ទៅស្រុកសំឡូតខេត្តបាត់ ប្រវែង ៥១,៨០គីឡូម៉ែត្រ ដោយចំណាយថវិកាសាងសង់ជាង ៣៨លានដុល្លារអាមេរិកអាមេរិកនោះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នាព្រឹកថ្ងៃចន្ទ ០២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះហើយ។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៥៧៧ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរាប់ពាន់នាក់។
ក្រៅពីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវហើយនោះ ក្នុងកម្មវិធីនាព្រឹកនេះ ក៏សម្ពោធដាក់ឲ្យប្រើប្រាស់ច្រកទ្វារព្រំដែន៤០០ ជាប់នឹងខេត្តត្រាត ប្រទេសថៃផងដែរ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងក្នុងកម្មវិធីនាព្រឹកថ្ងៃនេះថា ផ្លូវលេខ១៥៧៧ មានទីតាំងចាប់ពីភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ដល់ភូមិឆករកា ឃុំសំឡូត (ច្រកទ្វារព្រំដែន៤០០) ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានស្ថាបនាតាមស្តង់ដារចិន Class III ដែលមានទទឹងផ្លូវ ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) លើទទឹងផ្លូវ ៨ម៉ែត្រ ក្នុងនោះមានស្ពានប្រវែងខ្លី និងមធ្យមចំនួន ៧កន្លែង សរុបប្រវែង ២៨៦ម៉ែត្រ។ ផ្លូវនេះចំណាយថវិកាសរុបប្រមាណ ៣៨,២១២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ចំណាយពេលសាងសង់ចំនួន ២៣ខែ ដែលបានបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៧ កន្លងទៅនេះ។
តំបន់សងខាងផ្លូវលេខ១៥៧៧ ដែលបើកសម្ពោធនេះ ជាពិសេសតំបន់ត្រែង និងសំឡូត ធ្លាប់ជាសមរភូមិប្រយុទ្ធ និងជាតំបន់ប្រទាញប្រទង់គ្នាយ៉ាងស្រួចស្រាវ សំបូរ ទៅដោយចំការមីន។ តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងបានប្រែក្លាយតំបន់នេះ ទៅជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល ដែលប្រជាពលរដ្ឋអាចរស់នៅបានដោយសុខសាន្ត ប្រកបរបរធ្វើស្រែចំការ ដាំដុះ ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន ដំណាំស្រូវ ដំឡូងមី ពោត សណ្តែក ជាដើម។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវលេខ១៥៧៧ ជាខ្សែផ្លូវយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់បម្រើដល់កិច្ចការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលតភ្ជាប់តំបន់ភូមិភាគកណ្តាល និងវាលទំនាប ផ្នែកខាងលើ ទៅនឹងភូមិភាគខាងលិចប្រទេស ចាប់ផ្តើមពីភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ដល់ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង (ច្រកទ្វារព្រំដែន៤០០) ព្រំប្រទល់កម្ពុជា-ថៃ ជាប់នឹងខេត្តត្រាត ប្រទេសថៃ។
លោកទេសរដ្ឋមន្ត្រីបន្តថា សមិទ្ធផលផ្លូវនេះ ជាចំណងដៃដ៏ពិសិដ្ឋ ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការ នៃការដឹកជញ្ជូន ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ត្រែង សំឡូត និងតំបន់ភូមិភាគខាងលិចប្រទេស ទៅកាន់ក្រុងបាត់ដំបង រាជធានីភ្នំពេញ ឬតំបន់ផ្សេងៗ ទូទាំងប្រទេស និងជាខ្សែផ្លូវដែលធ្វើសមាហរណកម្មពេញលេញសម្រាប់ខេត្តបាត់ដំបងទាំងមូល ព្រោះថាស្រុកសំឡូត ជាស្រុកតែមួយគត់ និងចុងក្រោយបំផុត ដែលទើបមាន ផ្លូវកៅស៊ូ តភ្ជាប់មកក្រុងបាត់ដំបង។
ក្នុងឱកាសសម្ពោធផ្លូវដែលសាងសង់ឡើងក្រោមប្រាក់កម្ចីរបស់រដ្ឋាភិបាលចិននេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយកម្ពុជានៅគ្រប់កាល:ទេស: តាមរយៈការផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទានដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា និងសូមកត់ត្រាទុកក្នុងសមានចិត្តដ៏ជ្រាលជ្រៅជាប់ជានិច្ចក្នុងប្រវត្តិសាស្រ្តកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ តាមរយៈប្រាក់កម្ចីរបស់ចិននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកការដ្ឋានស្ថាបនាឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។ ផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះប្រវែងផ្លូវ ៦៥.៥៥គីឡូម៉ែត្រ ស្ថិតក្នុងទឹកដីនៃខេត្តព្រៃវែង និងប្រវែងជាង ២១.១៣គីឡូម៉ែត្រ ស្ថិតនៅក្នុងទឹកដី នៃខេត្តត្បូងឃ្មុំ។ ផ្លូវវាងមាន ២កន្លែង សរុបប្រវែង ៩.៨គីឡូម៉ែត្រ ដើម្បីវាងក្រុងព្រៃវែង បញ្ចៀសចរាចរណ៍កាត់ក្រុង និងសម្រួលដក់ការបើកបរលើផ្លូវចាស់ដែលមានកែងខ្លាំង។ ផ្លូវជាតិលេខ១១នេះ ចំណាយថវិកាសាងសង់ជាង ៩៤លានដុល្លារ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់បច្ចុប្បន្នគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិនបានសាងសង់រួចមានចំនួន ២៣ខ្សែ មានប្រវែងសរុប ២,៣០១គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៣០០លានដុល្លារអាមេរិក។ គម្រោងកំពុងសាងសង់មានចំនួន ០៦ខ្សែ មានប្រវែង ប្រមាណ ៦០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៤៩០លានដុល្លារអាមេរិក។ គម្រោងត្រៀមសាងសង់ក្នុងឆ្នាំ២០១៨ នេះ មានចំនួន ០២គម្រោង គឺគម្រោងផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងភ្នំពេញទី៣ ដែលមានប្រវែងសុរប ១៨៧គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៤៨៣លានដុល្លារអាមេរិក។
ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ០៧ស្ពាន មានប្រវែងសរុប ៦,៨២៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ ចំនួន ០១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មា។
សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួច កំពុងសាងសង់ និងត្រៀមសាងសង់មានទឹកប្រាក់ប្រមាណ ២,៥៥៣លានដុល្លារអាមេរិក។
សម្តេចក្រឡាហោមថា តាមរយៈការផ្តល់ប្រាក់កម្ចីសម្រាប់សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាការរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាជន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនផលិតផលដុលក្នុងស្រុក ៧ភាគរយ ក្នុងរយៈពេលពីទសវត្សរ៍ចុងក្រោយ និងអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាថយចុះនៅត្រឹមប្រមាណ ១៣,៥ភាគរយ នៅឆ្នាំ២០១៤៕