(ភ្នំពេញ)៖ លោកថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវ, ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីថៃ និងលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម នឹងដឹកនាំគណៈប្រតិភូ មកចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅក្រុងសៀមរាប ប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ។
ការមកដល់របស់មេដឹកនាំប្រទេសទាំង៣ បានធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ តំណាងជាន់ខ្ពស់ នៃប្រទេសដៃគូសន្ទនារបស់គណៈកម្មការទន្លេមេគង្គ ចិន និងមីយ៉ាន់ម៉ា និងដៃគូអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គ ក៏នឹងអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំកំពូលនេះ ផងដែរ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ-ទន្លេមេគង្គតែមួយ ស្មារតីតែមួយ» ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ធ្វើជាប្រធានកិច្ចប្រជុំ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ពិភាក្សាលើបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ និងដាក់ចេញទិសដៅជាយុទ្ធសាស្រ្តដើម្បីជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នានូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
កិច្ចប្រជុំកំពូលនេះ ត្រូវបានរំពឹងទុកថា នឹងអនុម័តសេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់របស់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ក្នុងការបន្តធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣។
នៅក្រៅកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគី ដាច់ដោយឡែកពីគ្នា ជាមួយលោកបណ្ឌិត ថងលូន ស៊ីស៊ូលីត, ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា និងលោក ង្វៀន សួនហ៊្វុក ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមរបស់លោក ដាតុ លីម ចូក ហួយ អគ្គលេខាធិការអាស៊ានថ្មី ក៏ដូចជារបស់ប្រធានគណៈប្រតិភូដទៃទៀតផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៖