(សៀមរាប)៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានប្រារព្វរៀបចំសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ រយៈពេល០២ថ្ងៃ នាថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាសៀមរាប និងសាលសន្និសីទក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គ»។
សន្និសីទអន្តរជាតិ មានអ្នកចូលរួម ចំនួនប្រមាណជាង៤០០នាក់ ជាមន្រ្តីមកពីបណ្តាប្រទេសតាមដងទន្លេមេគង្គ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដៃគូអភិវឌ្ឍ ស្ថាប័នហិរញ្ញវត្ថុ អង្គការតំបន់និងអន្តរជាតិ អង្គការអាងទន្លេនានា គ្រឹះស្ថានសិក្សាស្រាវជា្រវ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត។
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសបើកសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ។
លោក លឹម គានហោ បានថ្លែងថា កម្ពុជា ពិតជាមានកិត្តិយសដ៏ធំធេង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ ដែលមានវត្តមាន អ្នកចូលរួមដ៏ច្រើនកុះករ ដែលមានមកពីប្រទេសក្នុងតំបន់មេគង្គ និងពីជុំវិញពិភពលោក និងបាន សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិ នាពេលនេះ។
លោករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គថ្នាក់នាយករដ្ឋមន្រ្តី គឺរៀបចំ ធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ដែលរហូតមកដល់ពេលនេះ បានរៀបចំធ្វើចំនួន០២លើករួចមកហើយ ដោយលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ២០១០ និងលើកទី២ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៤ និងសម្រាប់កិច្ចប្រជុំ កំពូលលើកទី៣ នឹងរៀបចំធ្វើនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅក្រុងសៀមរាប ប្រទេសកម្ពុជា។
នៅមុនកិច្ចប្រជុំ កំពូលនីមួយៗ តែងមានសន្និសីទអន្តរជាតិ ដែលសម្រាប់សន្និសីទអន្តរជាតិនាពេលនេះ មានគោលបំណង សំខាន់ពីរ គឺទី១៖ ជាវេទិកាសម្រាប់ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈលើការគ្រប់គ្រងនិងអភិវឌ្ឍន៌ទឹកឆ្លង ដែនក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក និងទី២៖ ផ្តល់ជាសារគន្លឹះសម្រាប់កិច្ចប្រជុំកំពូល អំពីការអនុវត្តប្រសើរ និងគំនិត ថ្មីៗ សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
លោករដ្ឋមន្រ្តី បានរំលឹកឡើងវិញថា កាលពីសន្និសីទអន្ដរជាតិមុនកិច្ចប្រជុំកំពូលលើកទី១ ក្នុងឆ្នាំ២០១០ គឺផ្តោតលើប្រធានបទ «ការគ្រប់គ្រងធនធានទឹកឆ្លងដែន ក្នុងពិភពលោកមួយដែលកំពុងមានការ ផ្លាស់ប្តូរឥតឈប់ឈរ» និងសន្និសីទអន្ដរជាតិមុនកិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ២០១៤ គឺផ្តោតលើប្រធានបទ «កិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខទឹក ស្បៀង និងថាមពល នៅក្នុងអាងទន្លេឆ្លងដែន ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ»។
លោករដ្ឋមន្រ្តី លឹម គានហោ បានគូសបញ្ជាក់ថា ចាប់តាំងពីបង្កើតគណៈកម្មការទន្លេមេគង្គ ក្នុងឆ្នាំ១៩៩៥ រហូតមក ដល់បច្ចុប្បន្ននេះ ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បានរៀបចំ និងដំណើរការអនុវត្តយុទ្ធសាស្រ្ត ផែនការ នីតិវិធី និងគោលការណ៌ណែនាំនានា និងក៏បានគិតគូរលើការលើកកម្ពស់ការចូលរួមរបស់ភាគីពាក់ព័ន្ធ ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីជម្រុញលើការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃ ធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ ដែលទាំងនេះ ជាសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងជាកិច្ចការរួមគ្នាដែលត្រូវយកចិត្តទុកដាក់ជាបន្ត និងត្រូវធ្វើយ៉ាងណាឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
រដ្ឋមន្ត្រីក្រសួងធនធានទឹករូបនេះ បានសង្កន់ធ្ងន់ថា ចក្ខុវិស័យរបស់យើង គឺធ្ចើឲ្យអាងទន្លេមេគង្គ មានភាពចម្រុងចម្រើនផ្នែកសេច្ចកិច្ច យុតិ្តធម៌សង្គម និងមានបរិស្ថានល្អដែលនេះ អាចសម្រេចបាន ដោយត្រូវលើកកម្ពស់ នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ការចូលរួម និងភាពជាដៃគូពីគ្រប់តួអង្គ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនកាលានុវត្តភាព និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងអាងទន្លេមេគង្គ។
ក្នុងរយៈពេល០២ថ្ងៃនេះ សន្និសីទអន្តរជាតិ នឹងផ្តោតលើប្រធានសំខាន់ៗ ដូចខាងក្រោម៖
* កាលានុវត្ថភាពនៃការអភិវឌ្ឍ និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ
* ការធ្វើឲ្យប្រសើរឡើងនូវផលប្រយោជន៍តំបន់ និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ
* ការគិតគូរដោះស្រាយបម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត
* សារសំខាន់នៃប្រព័ន្ធព័ត៌មាន និងទិន្នន័យក្នុងអាងទន្លេមេគង្គ និងអាងទន្លេផ្សេងទៀត
* ការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍក្នុងទន្លេមេគង្គ និងអាងទន្លេផ្សេងទៀត
* ពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ និងភាពជាដៃគូ
* ការរៀបចំផែនការចម្រុះសម្រាប់ទឹក និងថាមពល៕