(ហាណូយ,វៀតណាម)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាធុរកិច្ច មហាអនុតំបន់ទន្លេមេគង្គ (ផុតអាណត្តិ) និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ទេរតំណែង ប្រធានប្រធានក្រុមប្រឹក្សាធុរកិច្ច មហាអនុតំបន់ទន្លេមេគង្គ ជូនលោក អ៊ូឌេត ស៊ូវ៉ានណាវង់ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាកម្មឡាវ ជាផ្លូវការ ដើម្បីបន្តអាណត្តិថ្មី។

ពិធីផ្ទេរតំណាងប្រធានក្រុមប្រឹក្សាធុរកិច្ច មហាអនុតំបន់ទន្លេមេគង្គជាផ្លូវការនេះ ត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំកំពូល មហាអនុតំបន់ទន្លេមេគង្គ លើកទី៦ នៅថ្ងៃទី៣១ ខែមីន ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

អ្នកឧកញ៉ា គិត ម៉េង បានកាន់កាប់តំណែង ជាប្រធានក្រុមប្រឹក្សាធុរកិច្ច មហាអនុតំបន់ទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូល មហាអនុតំបន់ទន្លេមេគង្គលើកទី៥ នៅឆ្នាំ២០១៤ មកម្ល៉េះ ហើយទើបបានបញ្ចប់អាណត្តិចុងឆ្នាំ២០១៧ ដោយប្រធានក្រុមប្រឹក្សានេះ ត្រូវផ្ទេរជូនសភាពាណិជ្ជកម្មឡាវវិញម្តង។

ក្នុងការដឹកនាំប្រធានក្រុមប្រឹក្សាធុរកិច្ច មហាអនុតំបន់ទន្លេមេគង្គនេះ អ្នកឧកញ៉ា គិត ម៉េង មានស្នាដៃសម្រេចបានសមទ្ធិផលកាងារជាច្រើន។

ក្នុងកឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ដើម្បីគាំទ្រដល់សកម្មភាព នៃកម្មវិធីអភិវឌ្ឍន៍មហាអនុតំបន់ទន្លេមេគង្គ ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ បានបង្កើតនូវក្រុមការងារដែលដឹកនាំដោយវិស័យឯកជន ដើម្បីត្រួតពិនិត្យការអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគតាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់ទន្លេមេគង្គ។

អ្នកឧកញ៉ាបន្តថា សកម្មភាពទាំងនេះ ផ្តោតទៅលើកិច្ចសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងដែន តាមរយៈប្រតិបត្តិការរបស់សមាគមដឹកជញ្ជូនទំនិញ មហាអនុតំបន់ទន្លេមេគង្គ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងការទទួលបាននូវហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងធម្យម ដើម្បីលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងក្របខណ្ឌវិនិយោគថ្នាក់តំបន់ នៃមហាអនុតំបន់ទន្លេមេគង្គ និងដើម្បីដោះស្រាយការត្រៀមលក្ខណៈទាំងមុន និងក្រោយគ្រោះមហន្តរាយ និងការកាត់បន្ថយគ្រោះមហន្តរាយ សម្រាប់សហគ្រាសមហាអនុតំបន់ទន្លេមេគង្គ។

សេដ្ឋីដ៏ល្បីឈ្មោះនៅកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា សមាគមដឹកជញ្ជូនទំនិញមហាអនុតំបន់ទន្លេមេគង្គ សម្រេចបាននូវសមិទ្ធិផលគួរកត់សម្គាល់ ក្នុងកិច្ចអភិឌ្ឍការដឹកជញ្ជូនទំនិញ និងភស្តុភារដោយមានជំនួយពីដៃគូអភិវឌ្ឍន៍មួយចំនួន ជាពិសេសការលើកកម្ពស់ស្តង់ដារភស្តុភារក្នុងប្រទេស CMLV និងការកសាងសមត្ថភាពប្រតិបត្តិករដឹកជញ្ជូន និងអ្នកបើកបររថយន្ត។

អ្នកឧកញ៉ា បានថ្លែងទៀតថា មហាអនុតំបន់ទន្លេមេគង្គ លើកទឹកចិត្តដៃគូអភិវឌ្ឍន និងវិស័យឯកជន អនុលោមតាមលក្ខខណ្ឌតម្រូវហិរញ្ញប្បទាន ក្នុងមហាអនុតំបន់ទន្លេមេគង្គ ហើយក្រុមប្រឹក្សាមហាអនុតំបន់ទន្លេមេគង្គ ជាអ្នកតំណាងឲ្យការចូលរួមរបស់វិស័យឯកជន ក្នុងការជំរុញមហាអនុតំបន់ទន្លេមេគង្គ។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា ដើម្បីបង្កលក្ខណៈដល់ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ ចូលរួមយ៉ាងសកម្ម ផែនការសកម្មភាពយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍន៍វិស័យឯកជន ២០១៨ ដែលរៀបចំឡើងដោយក្រុមប្រឹក្សា ស្របតាមវិស័យដែលមហាអនុតំបន់ទន្លេមេគង្គ ផ្តោកការយកចិត្តទុកដាក់ ដូចដែលមានចែងក្នុងផែនការសកម្មភាព ហាណូយ ២០១៨-២០២០។ ឧទាហរណ៍ដូចជា៖

១៖ នៅក្នុងការដឹកជញ្ជូន និងកិច្ចសម្រួលពាណិជ្ជកម្ម គឺផ្តោតទៅលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងសមាគមដឹកជញ្ជូនទំនិញ មហាអនុតំបន់ទន្លេមេគង្គ និងវិស័យសាធារណៈ ភស្តុភារឆ្លងព្រំដែន ការអភិវឌ្ឍន៍ឌីជីថលផ្លេតហ្វម កិច្ចសន្យាឆ្លងកាត់ និងការផ្តើមអនុវត្ត កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែន និងផ្សេងទៀត។

២៖ នៅក្នុងវិស័យកសិកម្ម គឺការជំរុញបច្ចេកវិទ្យាកសិកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លងដែន។

៣៖ នៅក្នុងវិស័យទេសចរណ៍ គឺផ្តោតទៅលើការជំរុញដំណោះស្រាយម៉ាឃេធីង សម្រាប់មហាអនុតំបន់ទន្លេមេគង្គ ជាទិសដៅទេសចរណ៍តែមួយ។

៤៖ នៅក្នុងវិស័យបរិស្ថាន គឺផ្តោតលើការជំរុញទីក្រុងឆ្លាតវៃ និងដោះស្រាយដែលមិនប៉ះពាល់បរិស្ថាន និងការត្រៀមលក្ខណៈ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។

៥៖ នៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស គឺផ្តោតទៅលើការចេញលិខិត បញ្ជាក់វគ្គបណ្តុះបណ្តាល មហាអនុតំបន់ទន្លេមេគង្គ ការបណ្តុះបណ្តាលគ្រូបង្គោលអាស៊ាន ការជំរុញអនុបណ្ឌិតគ្រប់គ្រងធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ បណ្ឌិសភាទីផ្សារមូលធនមហាអនុតំបន់ទន្លេមេគង្គ និងផ្សេងទៀត។

៦៖ នៅក្នុងពាណិជ្ជកម្មអនឡាយ គឺផ្តោតលើសេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុឆ្លងដែន ដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ។

អាទិភាពផ្សេងទៀត សម្រាប់គាំទ្រដល់ ការអភិវឌ្ឍវិស័យឯកជនមាន៖ ការបង្កើតបណ្តាញសហគ្រិនវ័យក្មេង មហាអនុតំបន់ទន្លេមេគង្គ ការអភិវឌ្ឍន៍កម្មវិធីធុរកិច្ចមហាអនុតំបន់ ទន្លេមេគង្គ ទៅតាមម៉ូដែលរបស់សមាគមសហគ្រិនវ័យក្មងកម្ពុជា និងការបង្កើតឡើងនូវដំណោះស្រាយសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសមីក្រូ ក្នុងការទទួលបាននូវហិរញ្ញវត្ថុ៕