(ភ្នំពេញ)៖ ដោយបានការឯកភាព ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ នាយកដ្ឋាននគរបាល ទេសចរណ៍ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងដកបទពិសោធន៍ នគរបាលទេសចរណ៍ ទូទាំងប្រទេស ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ នៅសាលប្រជុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងមានការចូលរួមពីថ្នាក់ដឹកនាំ នាយកដ្ឋាន នាយ នាយរង ការិយាល័យ អង្គភាព ផ្នែកចំណុះនាយកដ្ឋាន ស្នងការរង នាយការិយាល័យ អង្គភាព នៃស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត សរុប១២០នាក់។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឡាយ ប៊ុនថន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ អំពីខ្លឹមសារ នៃអង្គប្រជុំមានគោលបំណងធំៗ ចំនួន៥រួមមាន៖
១៖ ពង្រឹងឡើងវិញ អំពីតួនាទី និងភារកិច្ច របស់នគរបាលទេសចរណ៍ ទូទាំងប្រទេស ក្នុងការចូលរួមការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដល់ភ្ញៀវទេសចរ គ្រប់ប្រភេទ ដែលបាន អញ្ជើញមកទស្សនា និងកំសាន្តនៅក្នុងកម្ពុជា។
២៖ ត្រួតពិនិត្យ ពង្រឹងកម្លាំងនគរបាលទេសចរណ៍ ដែលកំពុងឈរជើង នៅតាមបណ្តាគោលដៅទេសចរណ៍ ជាអាទិភាព អំពីវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវការ ទំនាក់ទំនងល្អ ជាមួយភ្ញៀវទេសចរ។
៣៖ បង្កើនកិច្ចធានាការពារ មិនឲ្យមានការប្រព្រឹត្ត បទល្មើសលើទេសចរ និងទប់ស្កាត់ មិនឲ្យទេសចរប្រព្រឹត្តបទល្មើស។
៤៖ ត្រៀមអន្តរាគមន៍ សហការជួយសង្រ្គោះដោះស្រាយ រាល់បញ្ហាកើតឡើងឲ្យទាន់ពេលវេលាជូនទេសចរ។
៥៖ ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ការពារកម្មវិធីបុណ្យឆ្លងឆ្នាំ ប្រពៃណីខ្មែរ និងសង្រ្កាន្តឆ្នាំថ្មី គ្រប់រាជធានី-ខេត្ត។
ផ្អែកតាមរបាយការណ៍ ដែលបានលើកឡើង ដោយនាយកដ្ឋាននគរបាលទេសរណ៍ ចំនួនភ្ញៀវទេសចរបរទេស បានចូលមកទស្សនា និងកំសាន្តក្នុងកម្ពុជា មានអត្រាកើនឡើង ជាលំដាប់។ តាមទិន្នន័យ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ចំនួនទេសចរបរទេសសរុបមាន ១,៨៦៨,៥៩៨នាក់/ ១,៦២១,៤២៦នាក់ ប្រៀបធៀប ត្រីមាសទី១ឆ្នាំ២០១៧ កើនឡើង ២៤៧,១៧២ នាក់ស្មើ ១៥.២៤%។
របាយការណ៍ បានបន្ថែមទៀតថា ភាពវិជ្ជមាន នៃកំណើនទេសចរបរទេស ដោយសារការដឹកនាំ ដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ គោលនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយ រក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សង្គមបានល្អប្រសើរ ទូទាំងប្រទេស៕