(ភ្នំពេញ)​៖ ​ថ្ងៃ​ទី​០២​ ខែ​មេសា​ ឆ្នាំ​២០១៨​នេះ​ ជនសង្ស័យ​៥នាក់ ​ពាក់ព័ន្ធ​ឃាតកម្ម​លើ​ស្រ្តីស្រស់ស្អាត ចេវ​ សុវឌ្ឍនា​ ត្រូវបានបន្តការសាកសួរ នៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញដោយលោក ​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

មន្ត្រី​តុលាការថ្លែង​ឱ្យ​អង្គភាព​ព័ត៌មាន​ Fresh News ដឹង​ថា​ ព្រះ​រាជ​អាជ្ញា​រង​ សៀង​ សុខ​ អាច​សម្រេច​ចោទប្រកាន់ ​ក្រុម​ជនសង្ស័យ​ទាំងអស់​ នៅ​ថ្ងៃទី​០២​ ខែ​មេសា​ ឆ្នាំ​២០១៨​នេះ​។

លោក​ ឡាយ​ វណ្ណៈ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​ក្នុង​ទឹកដី​ខេត្ត​តាកែវ​ ក្រោយ​ពិធី​បញ្ចប់តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ខេត្ត​តាកែវ​ តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោក​ សៀង​ សុខ​។ គិតត្រឹមព្រឹកថ្ងៃនេះលោក ឡាយ វណ្ណៈ កំពុងក្រោមការសាកសួរនៅ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​។

ជនសង្ស័យទាំង៦នាក់នោះ រួមមាន៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង​ប្តី​ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​, ​ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ​និង​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ស្ត្រីស្រស់សោភាម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។