(ភ្នំពេញ)៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ ជនសង្ស័យ៥នាក់ ពាក់ព័ន្ធឃាតកម្មលើស្រ្តីស្រស់ស្អាត ចេវ សុវឌ្ឍនា ត្រូវបានបន្តការសាកសួរ នៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីតុលាការថ្លែងឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ព្រះរាជអាជ្ញារង សៀង សុខ អាចសម្រេចចោទប្រកាន់ ក្រុមជនសង្ស័យទាំងអស់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ។
លោក ឡាយ វណ្ណៈ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្នុងទឹកដីខេត្តតាកែវ ក្រោយពិធីបញ្ចប់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សៀង សុខ។ គិតត្រឹមព្រឹកថ្ងៃនេះលោក ឡាយ វណ្ណៈ កំពុងក្រោមការសាកសួរនៅ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។
ជនសង្ស័យទាំង៦នាក់នោះ រួមមាន៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ចាន់ រី ភេទស្រី និងប្តីឈ្មោះ ជឹម វុធ ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា, ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ស្ត្រីស្រស់សោភាម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។