(កំពង់ចាម)៖ លោក រស់ សាលីន អ្នកនាំពាក្យ និងនាយកខុទ្ទកាល័យ នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារចុះជួយពង្រឹងស្រុកកងមាស នាពេលថ្មីៗនេះ បានចុះមកជួបសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង នៅស្រុកកងមាស ខេត្តកំពង់ចាម សម្រាប់ត្រៀមប្រឡងថ្នាក់ជាតិ ឱ្យបានជោគជ័យ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខ។
លោក រស់ សាលីន បានណែនាំដល់សិស្សានុសិស្សា អំពីវិធីសាស្រ្តក្នុងការសិក្សាលើមុខវិជ្ជាវិទ្យាសាស្រ្ត ដោយក្តាប់ឲ្យបានគ្រប់មេរៀន រូបមន្ត និងការធ្វើលំហាត់ ព្រមទាំងការត្រៀមរបស់សិក្សថ្នាក់វិទ្យាសាស្រ្តសង្គម ដោយក្តាប់ឲ្យបាននូវអត្ថបទរឿងទាំងមូល និងវិធីសាស្រ្តសរសេរតែងសេចក្តី។
ទន្ទឹមនឹងនោះ លោកក៏បានណែនាំពីបទបញ្ញត្តិ នៃការប្រលងមធ្យមសិក្សាទុតិយភូមិ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ លើមុខវិជ្ជាចំនួន៥ រួមមាន៖ គណិតវិទ្យាមាន២១៤លំហាត់, គីមីវិទ្យាមាន៣៥៧លំហាត់, ជីវវិទ្យា មាន២៦៥លំហាត់, រូបវិទ្យា មាន៩៥លំហាត់ និងប្រវត្តិវិទ្យា មាន១៣៨សំនួរ។ ក្នុងនោះសិស្សានុសិស្សត្រូវមករៀនឲ្យបានទៀងទាត់ជាមួយគ្រូ ការសិក្សាជាក្រុម ការសិក្សាតាមកាលវិភាគនៅផ្ទះ ដើម្បីត្រៀមការប្រលងនាខែសីហាខាងមុខនេះ។
ក្នុងឱកាសនោះផងដែរ លោក ងន់ ម័រ ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញអំពីការប្រើប្រាស់ ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ ដូចជាការចុះឈ្មោះ របៀបធ្វើតេស្តតាមមុខវិជ្ជា និងពីរបៀបត្រួតពិនិត្យលទ្ធផលដែលបានអនុវត្តកន្លងមក ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង នៅស្រុកកងមាស ខេត្តកំពង់ចាមផងដែរ៕