(ភ្នំពេញ)៖ ថ្វីបើមានអាយុកាលរាប់រយពាន់ឆ្នាំមកហើយក្ដី ប៉ុន្តែគតិបណ្ឌិតរបស់ទស្សនវិទូបុរាណមួយចំនួន នៅតែមានឥទ្ធិពលក្នុងសង្គមមនុស្សបច្ចុប្បន្ន, នៅមានឥទ្ធិពល ក៏ដោយសារគតិបណ្ឌិតទាំងនោះ តែងនៅបន្តអប់រំដាស់សតិមនុស្សមនាបានគ្រប់សម័យកាល ឲ្យភ្លឺស្វាងចាកផុតពីចម្ងល់មន្ទិលសង្ស័យទាំងឡាយ។
ទស្សនវិទូបុរាណទាំងនោះ ប្រៀបប្រដូចនឹងនាវាដែលមានថាមពលមិនចេះអស់ ធ្វើនាវាចរនាំបុគ្គលទៅដល់គោលដៅដែលខ្លួនប្រាថ្នា រហូតដល់អ្នកខ្លះបានក្លាយ ជាមេដឹកនាំ មន្ត្រីអ្នកមុខអ្នកការ ឬក្លាយជាអធិរាជដ៏ខ្លាំងមហិមាផងដែរ តួយ៉ាងដូចជាសិស្សរបស់ទស្សនវិទូបុរាណក្រិច «អារីស្តូត» គឺព្រះចៅអធិរាជ «អាឡិចសង់ដឺរ ឌឹហ្គ្រេត» ព្រះមហាក្សត្រនៃជនជាតិម៉ាសេដូន, ប្រវត្តិសាស្ត្រចិនសម័យសាមកុក ចុងរជ្ជកាលមហាហាន់ ក៏បានលេចចេញនូវទស្សនវិជ្ជាគន្លឹះៗជាច្រើន ដែលនាំទៅដល់ការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញភ្លក់ទឹកភ្លក់ដី ពាសពេញពិភពហាន់បុរាណ។ ដូច្នេះហើយទើបថ្ងៃចុងសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតបុរាណចំនួន១០ថ្មីទៀត មកបង្ហាញជូនមិត្តអ្នកអានជាចំណងដៃកម្សាន្តបង្កើនចំណេះដឹង។
គតិបណ្ឌិតបុរាណទាំង១០នោះ រួមមាន៖
១៖ វិធីសាស្ត្រនៃការបង្រៀនមាន២ផ្នែក គឺទ្រឹស្តី និងការអនុវត្តផ្ទាល់។ ក្រុមទស្សនវិទូបុរាណក្រិច មានសូក្រាត (៤៦៩-៣៩៩ មុន គ.ស), ប្លាតុង (៤២៧-៣៤៧ មុនគ.ស) និងអារីស្តូត (៣៨៤-៣២២ មុនគ.ស) អារីស្តូត ជាគ្រូរបស់ព្រះចៅអធិរាជ អាឡិចសង់ដឺរ ឌឹហ្គ្រេត ព្រះមហាក្សត្រម៉ាសេដូន ដែលបានវាតទីពង្រីកចក្រភពពាសពេញពិភពអឺរ៉ុប ធ្លាយដល់ចក្រភពពែក្យ អេហ្សីប និងឥណ្ឌា។
២៖ មនុស្សឆ្លាត គេមិនដែលប្រាប់អ្នកដទៃថាខ្លួនជាមនុស្សឆ្លាតនោះទេ។ អ្នកខ្លាំងលាក់មុខ ស៊ឺ ម៉ាអី (១៧៩-២៥១) មេទ័ពបង្រួបបង្រួមប្រទេសចិនបុរាណ ក្រោយសម័យសាមកុក និងជាដូនតានៃរាជវង្សជិន ដែលមានអាយុកាលជាង១០០ឆ្នាំ (២៨០-៤២០) ក្នុងប្រវត្តិសាស្ត្របុរាណចិន។
៣៖ ទុក្ខរបស់ប្រជារាស្ត្រ ជាទុក្ខរបស់ព្រះមហាក្សត្រ។ ព្រះចៅអធិរាជខ្មែរដ៏ល្បីល្បាញនៃសម័យមហានគរ គឺព្រះបាទជយវរ្ម័នទី៧ (ជយវធ៌ន) ព្រះអង្គត្រូវបានប្រសូតឡើង នៅឆ្នាំ១១២៥ និងបានសោយរាជ្យសម្បត្តិ នៅឆ្នាំ១១៨១ ប៉ុន្តែគេមិនដឹងថាព្រះអង្គសោយទិវង្គតនៅឆ្នាំណានោះទេ (ប្រហែលដល់ឆ្នាំ១២១៨) ដោយបន្សល់ត្រឹមតែព្រះមរណនាមថា «ព្រះមហាបរមសៅគត» និងសំណង់ស្ថាបត្យកម្មដ៏ច្រើនក្រៃលែងពាសពេញចក្រភពរបស់ព្រះអង្គ។
៤៖ ដើរខុសមួយជំហាន អាចធ្វើឲ្យការងារធំបរាជ័យ។ សង្គ្រាមវិទូបុរាណចិនសម័យពហុនគរ តាំងពីមុនគ្រិស្តសករាជ គឺមេទ័ព ស៊ុន អ៊ូ ឬ ស៊ុន វូ អ្នកខ្លះហៅលោកថា ស៊ុន ជឺ (៥៤៤-៤៩៦ មុនគ.ស)។
៥៖ ប្រសិនបើអ្នកចង់ឲ្យការងារមួយធ្វើបានល្អ ត្រូវធ្វើវាដោយខ្លួនឯង។ ព្រះចៅអធិរាជ ណាប៉ូឡេអុង បូណាផាត ឬ ណាប៉ូឡេអុងទី៤ (១៧៦៩-១៨២១) នៃចក្រភពបារាំង។
៦៖ «ព្រះមហាក្សត្រ» មិនមែនខ្លាំងត្រង់សម្លាប់សត្រូវបានច្រើនប៉ុណ្ណានោះទេ តែខ្លាំងត្រង់ជួយជីវិតប្រជារាស្ត្របានច្រើនប៉ុណ្ណា។ សុភាសិតឥណ្ឌាបុរាណ។
៧៖ បុគ្គល ឬក្រុមបុគ្គលណាដែលព្យាយាមបង្កើតច្បាប់ប្រាសចាសនឹងច្បាប់ធម្មជាតិ បុគ្គល ឬក្រុមបុគ្គលនោះនឹងទទួលបរាជ័យ។ ទស្សនវិទូជនជាតិបារាំង អាល់ប៊ែរ ខាមូស។
៨៖ អំពើណាដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅលើអ្នកដទៃ។ ទស្សនវិទូបុរាណចិន ខុនជឺ (៥៥១-៤៧៩ មុន គ.ស)។
៩៖ បើយើងមានគោលជំហរច្បាស់លាស់ ទោះស្លាប់ក៏ត្រូវប្រកាន់គោលជំហររបស់យើងឲ្យជាប់។ នាគដេក ជូកឺ ខុងមីង ទីប្រឹក្សានគរស៊ូរបស់មហាក្សត្រ លាវ ប៉ី។
១០៖ គិតល្អគឺជារឿងមួយ ធ្វើល្អក៏ជារឿងមួយដទៃទៀត។ មេដឹកនាំដ៏មានកេរិ៍តឈ្មោះល្បីល្បាញរបស់ឥណ្ឌា មហាត្មៈ គន្ធី (១៨៦៩-១៩៤៨)៕