(ភ្នំពេញ)៖ បច្ចុប្បន្ននេះសន្ទុះនៃការ រីកលូតលាស់ផ្នែកអចលនវត្ថុ នៅកម្ពុជាហាក់ឡើងខ្ពស់ ដោយឃើញមានអ្នកវិនិយោគបរទេសជាច្រើន បានសម្រុកមកវិនិយោគជាច្រើន កត្តាទាំងនេះបណ្ដាលមកពីកម្ពុជាជាប្រទេស ដែលកំពុងអភិវឌ្ឍន៍រួមផ្សំជាមួយសេដ្ឋកិច្ចកាន់តែល្អផងនោះ។
ថ្មីៗនេះឃើញថា ខុនដូដ៏ប្រណិតប្រចាំកម្ពុជាមានឈ្មោះថា The View Residence ដែលមានកម្ពស់រហូតដល់ទៅ៣២ជាន់ និងបានប្រកាសបញ្ចប់ការសាងសង់គម្រោងរបស់ខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០១៨នេះផងដែរ។
សូមបញ្ជាក់ថា អគារខុនដូ The View Residence ជាខុនដូដែលមានកម្ពស់រហូតដល់៣២ជាន់ និងសាងសង់ឡើងលើទំហំផ្ទៃដីជាង១០០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ឈុន ហេង លាង នាយកគ្រប់គ្រងគម្រោងខុនដូ The View Residence បានឲ្យដឹងថា អគារខុនដូនេះ មានបែងចែកបន្ទប់ស្នាក់នៅ ចេញជា៣ប្រភេទរួមមាន៖ បន្ទប់ស្ទីតយ៉ូ, បន្ទប់លក្ខណៈគ្រួសារដែលមានគ្រែ១និងគ្រែ២ ហើយបច្ចុប្បន្នេះក្រុមហ៊ុនបានកំពុងទទួលបាន ការបញ្ជាទិញពី អតិថិជន ជាង៨០%ហើយ ក្នុងនោះអតិថិជនជាជនជាតិខ្មែរមានប្រមាណ៣០% ក្រៅពីនោះជាទីអតិថិជនបរទេសដែលមានដូចជា៖ ចិន, តៃវ៉ាន់, ហុងកុង និងសឹង្ហបុរី។
លោកបានបន្ដទៀតថា «គម្រោងខុនដូ The View Residence នេះមានទីតាំងស្ថិតក្នុងតំបន់ បឹងកេងកង១លើកំណាត់ ផ្លូវលេខ370។ កត្តាដែលនាំឲ្យក្រុមហ៊ុនសម្រេចចិត្ត ជ្រើសរើសទីតាំងនេះ ក្នុងការសាងសង់ខុនដូព្រោះតែ តំបន់នេះមានទីតាំងល្អបូករួមជាមួយ ភាពងាយស្រួលសម្រាប់អ្នករស់នៅ ព្រោះថាទីនេះមានទីតាំងជាប់នឹងសាលាជាតិ និងអន្ដរជាតិ, មន្ទីរពេទ្យ, ស្ថានទូត និងជាទីតាំងដែលសំបូរដោយអភិជនរស់នៅ ហើយនេះជាតំបន់ដែលសាកសមរស់នៅបំផុត»។
ក្នុងនោះដែរលោក George Hsieh ប្រធានក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View Residence បានឱ្យដឹងដែរថា តំបន់បឹងកេងកងនឹងក្លាយជាតំបន់ ដ៏មានសក្តានុពលខ្លាំង ដូចទៅនឹងតំបន់ដែលមានសក្ដានុពល នៅជីងអានទីក្រុងសៀងហៃប្រទេសចិន និងតំបន់ តាអាននៃកោះតៃវ៉ាន់ក្នុងពេលអនាគតដ៏ខ្លី ខណៈ ដែលទីផ្សារខុនដូអាផាតមិន និងឧស្សាហកម្មអចលនទ្រព្យ កំពុងមានកំណើនយ៉ាងលឿនបំផុត នៅទីតាំងមួយនេះ៕