(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកខ្ពស់ដល់ជនពិការ ទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយនេះក៏ស្តែងចេញពីកម្លាំងមនុស្សធម៌ដ៏ធំធេងផងដែរ។
សម្ដេចពិជ័យសេនាថ្លែងបែបនេះ ក្នុងពិធីចុះសួរសុខទុក្ខសំណះសំណាល និងរៀបចំអាហារសម្រាប់កុមារគរថ្លង និងកុមារពិការភ្នែករបស់អង្គការគ្រួសារថ្មីខេត្តសៀមរាប ចំនួន១៤១នាក់ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនពិការ និងលោកគ្រូ អ្នកគ្រូ ដែលតែងតែជួយបណ្តុះបណ្តាល និងអប់រំ ដល់ប្អូនៗដែលជាជនពិការគ្រប់កាលៈទេសទាំងអស់។ ជារៀងរាល់ឆ្នាំ សម្តេចពិជ័យសេនាតែងតែចុះសួរសុខទុក សំណះសំណាល និងរៀបចំអាហារសម្រាប់កុមារ គរថ្លង និងកុមារពិការភ្នែករបស់អង្គការគ្រួសារថ្មីខេត្តសៀមរាប ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កុមារគរថ្លង់ និងពិការភ្នែក។
សម្តេចពិជ័យសេនា បានជំរុញជនពិការទាំងអស់ ត្រូវមានការតស៊ូព្យាយាម ពុះពារគ្រប់ឧបសគ្គក្នុងជីវិត ដើម្បីខិតខំរៀនសូត្រក្រេបយកចំណេះដឹង និងជំនាញ ចូលរួមបម្រើសង្គមជាតិ ដូចឲ្យអ្នកមានកាយសម្បទាគ្រប់គ្រាន់ដែរ។
គួរំលឹកថា ក្នុងឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា បានផ្ដល់ដល់សាលាកុមារគថ្លង់ និងពិការភ្នែកខេត្តសៀមរាប ដូចជា សាងសងផ្ទះមួយខ្នងចំនួន ២ជាន់ ផ្តល់តុថ្មសម្រាប់សិស្សទទួលទានអាហារចំនួន ១៥ឈុត និងតុកៅអីសម្រាប់ថ្នាក់បង្រៀនហាត់ស្តាប់ និងនិយាយ រៀបចំអាហារ មី ត្រីខ អង្ករ និងថវិការសម្រាប់ចំណាយថ្លៃទឹក ថ្លៃភ្លើងដល់សិស្សានុសិស្សនិងបុគ្គលិកសរុបជិត ៣ម៉ឺនដុល្លា។
សូមបញ្ចក់ថា សាលាកុមារគថ្លង់ និងកុមារពិការភ្នែកខេត្តសៀមរាប បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០០០ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវហ្សាដឺហ្គោល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រហូតមកដល់ពេលនេះ មានអគារចំនួន១២ខ្នង បុគ្គលិកចំនួន៤០នាក់ ក្នុងនោះមានស្រី១៨នាក់ សិស្សគថ្លង់ និងពិការភ្នែកសរុប ១៤១នាក់ ស្រី៥៧នាក់ ក្នុងនោះមានសិស្សគថ្លង់ចំនួន ១១៦នាក់ ស្រី៤៨នាក់ និងសិស្សពិការភ្នែក២៥នាក់ ស្រី៩នាក់។
សិស្សដែលមកពីស្រុកឆ្ងាយក្នុងខេត្តសៀមរាប និងខេត្តផ្សេងៗទៀត ស្នាក់នៅក្នុងសាលាចំនួន ៩០នាក់ ក្នុងនោះមានស្រី ២៣នាក់៕