(ភ្នំពេញ)៖ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់កាដូឆ្នាំថ្មី ជូនប្រជាជពលរដ្ឋ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅតាមបណ្តាខេត្ត តាមផ្លូវជាតិលេខ១ និង លេខ៥ ជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នោះ, នៅរសៀលថ្ងៃទី០១ ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងផ្លូវការ ដើម្បីព័ត៌មាននេះលម្អិតបន្ថែមជូនប្រជាពលរដ្ឋ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុវត្តន៍តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងរបស់រាជធានីភ្នំពេញ ដែលមានស្លាក «រាជធានីភ្នំពេញ» ចំនួន៦០គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តមួយចំនួន ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៨ ដោយឥតបង់ប្រាក់។
ចំពោះកន្លែងរថយន្តក្រុងចេញដំណើរ មានចំនួន៣ទីតាំង៖
១៖ នៅមហាវីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេស បីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។
២៖ ចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
៣៖ ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ៕