(ភ្នំពេញ)៖ ម្ចាស់បទ «ទ្រនំស្នេហ៍កម្ម» កញ្ញា រ៉ាឌី បានបង្ហាញសារបង្ហាញពីអារម្មណ៍ខូចចិត្ត ក្រោយពីបានចូលប្រឡូកសិល្បៈ មួយរយៈពេលធំមកសង្កេតឃើញថា សន្ទុះកេរ្តិ៍ឈ្មោះ នាងកាន់តែលេចធ្លោ តាមរយៈបទចម្រៀងជាបន្តបន្ទាប់ ដោយធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ទៅលើ ជីវិតឯកជននាង មិនចាញ់តារាដទៃឡើយ។ ជាក់ស្តែងថ្មីៗនេះ នាងបានបង្ហាញសារប្លែកៗ រៀបរាប់ពីអារម្មណ៍ ខូចចិត្តឌឺដងផ្លែផ្កាឲ្យបុរស ជាគូស្នេហ៍ដែលគេដឹងថាជាបុរសសម្បូរទ្រព្យ។
កញ្ញា រ៉ាឌី បានសរសេរនៅលើហ្វេសប៊ុកថា «មានទេមនុស្សប្រុសដែលស្រលាញ់មនុស្សស្រីស្មោះដោយមិនគិតពីវណ្ណៈ ….? ហើយអាចកាន់ដៃនាងដល់ថ្ងៃអនាគត…!!! បើទោះបីជាគេស្រលាញ់យើង សួរថាតើគ្រួសារគេនឹងពេញចិត្តយើងទេពេលដែលដឹងថាយើងត្រឹមជាមនុស្សស្រីដែលតូចទាបម្នាក់… គ្មានសំភារៈនិយម គ្មានត្រកូលអភិជន គ្មានឈ្មោះបោះសំលេងត្រឹមជាមនុស្សស្រីសាមញ្ញៗធម្មតា… ពិបាករកណាស់គឺពិតជាពិបាកស្វែងរកមនុស្សដែលមានទាំងការស្រលាញ់នឹងក្ដីអាណិតមកលើយើង ប្រហែលមានត្រឹមមនុស្សដែលគ្រាន់តែចូលមកលេងសើចក្នុងជីវិតយើងបន្ទាប់មកក៏យកលេសថាគ្រួសារគេមិនពេញចិត្តតែប៉ុណ្ណោះ… គួរតែអាណិតនាងព្រោះនាងមិនអាចជ្រើសរើសកន្លែងដែលនាងចាប់កំណើតបានទេ តែហេតុអីមិនផ្ដល់ឱកាសអោយនាងបានបញ្ចេញសម្ថភាពថានាងពិតជាអាចធ្វើបានដូចគេដូចឯង នាងអាចល្អអាចស្រលាញ់អ្នកស្មោះជាងមនុស្សស្រីមួយចំនួនដែលជាកូនអ្នកមានក៏ថាបាន នាងអាចជាមនុស្សដែលធ្វើគ្រប់យ៉ាងបានដើម្បីគ្រួសារអ្នក ព្រោះតែនាងធ្លាប់ឆ្លងកាត់អ្វីដែលហៅថាការពិបាក នឹងភាពតស៊ូ ខុសពីមនុស្សស្រីផ្សេងៗដែលធ្លាប់តែស្រណុកស្រួលមិនអាចធ្វើបានដូចនាងឡើយ …!!! ស្រលាញ់នាងសង្ឃឹមថាអ្នកអាចទទួលយកអ្វីដែលនាងមាន ស្រលាញ់បេះដូងនាងអោយបានច្រើនជាងសំបកក្រៅដែលនាងមាន សូមផ្ដល់ទាំងក្ដីស្រលាញ់ នឹងក្ដីអាណិតអោយនាងណា ……»។
កញ្ញា រ៉ាឌី បានប្រាប់ឲ្យដឹងថា អ្វីដែលនាងសរសេរនោះមិនមែន ជារឿងផ្ទាល់ខ្លួនឬចង់ទម្លាយអាថ៌កំបាំងស្នេហា ដូចរឿងនេះបង្ហាញជាសាធារណៈទេ គ្រាន់តែនាងឃើញមនុស្សមួយចំនួនជួបរឿងខកបំណង ដោយសារតែវណ្ណៈមាននិងក្រ ហើយនាងមិនចង់ឲ្យមានអ្នកខូចចិត្ត ខកបំណងដោយសាររឿងនេះទេ៕