(ភ្នំពេញ)៖ ក្រោយការសាកសួរពេញមួយថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចចោទប្រកាន់ជនសង្ស័យ៥នាក់ ដែលក្នុងនោះមានលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ នៅឡើយនោះទេ ពាក់ព័ន្ធករណីឃាតកម្មលើស្រ្តីស្រស់ស្អាត នៅក្រុងដូនកែវ ខេត្តតាកែវ ឈ្មោះ ចេវ សុវឌ្ឍនា។
មន្ត្រីតុលាការថ្លែងឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ព្រះរាជអាជ្ញារង សៀង សុខ អាចសម្រេចចោទប្រកាន់ ក្រុមជនសង្ស័យទាំងអស់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ។
ជនសង្ស័យទាំង៥នាក់នោះ រួមមាន លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ចាន់ រី ភេទស្រី និងប្តីឈ្មោះ ជឹម វុធ ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា, ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ស្ត្រីស្រស់សោភាម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
ដោយឡែកលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ក៏ស្ថិតក្នុងសំណុំរឿងនេះផងដែរ ហើយអាចពាក់ព័ន្ធជាឃាតកដៃដល់ថែមទៀតផង។ ទោះយ៉ាងណា ការសម្រេចយ៉ាងណានោះ ជាការសម្រេចរបស់ស្ថាប័នតុលាការ។
លោក ឡាយ វណ្ណៈ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្នុងទឹកដីខេត្តតាកែវ ក្រោយពិធីបញ្ចប់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សៀង សុខ។
យោងតាមដីកាបញ្ជាឱ្យចូលខ្លួននេះ លោកព្រះរាជអាជ្ញារង សៀង សុខ បញ្ជាឱ្យកម្លាំងមានសមត្ថកិច្ច នាំខ្លួនបុគ្គល ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ ជាមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តតាកែវ មកបង្ហាញខ្លួននៅនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ ឱ្យបានមុនថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ដើម្បីសាកសួរពីដំណើររឿងឃាតកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ភូមិគោករកា សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានទទួលសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា នារីដែលគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកក្នុ ងគេហដ្ឋាននៅក្រុងដូនកែវកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ៕