(ព្រះវិហារ)៖ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលមានប្រវែងជិត៥គីឡូម៉ែត្រ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនោះ ពេលនេះត្រូវបានធ្វើការជួសជុលឡើងវិញហើយ ដើម្បីឆ្លើយតបនឹងសំណូមពរ ក៍ដូចជាការសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងស្មារតីយកចិត្តទុកដាក់ ចំពោះការងារ និងភារកិច្ច រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អមដំណើរដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមនឹងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យមើលសកម្មភាព ការជួសជុលផ្លូវគ្រួសក្រហមនេះ។
ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា ក៏បានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពន្លឿនការជួសជុលផ្លូវមួយខ្សែរនេះ ឲ្យរួចជាស្ថាពរមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរកំសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។
លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ បន្តចុះសួរសុខទុក្ខសំណេះសំណាលជាមួយប្អូនៗ កុមារកំព្រា និងបងប្អូនជនពិការ នៅក្នុងសិប្បកម្មកីតម្បាញសូត្រ ព្រមទាំងបានផ្តល់ថវិកា និងសម្ភារជូនជាការលើកទឹកចិត្តផងដែរ។
ដោយឡែកលោក សំ លាងទ្រី ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ផ្លូវក្រាលគ្រួសក្រហម ដែលកំពុងធ្វើការជួសជុលឡើងវិញនេះ គឺមានប្រវែង៤៦៥០ម៉ែត្រ ចាប់ពីរង្វង់មូលព្រះនារាយណ៍ ទៅអាងទំនប់ទឹក៩៥ ដែលជាតំបន់រម្មណីយដ្ឋានទេសចរណ៍មួយ ស្ថិតក្នុងភូមិប៉ាលហាល សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានគូសបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហមនេះ នឹងធ្វើការជួសជុលរួចជាស្ថាពរប្រហែលពីរថ្ងៃទៀត ពោលគឺថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
លោកបន្តទៀតថា នៅក្នុងខេត្តព្រះវិហារផ្លូវជាច្រើនកន្លែង បានធ្វើការជួសជុលរួចជាស្ថាពរហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរកំសាន្ត របស់បងប្អូនប្រជាពលរដ្ឋ ទន្ទឹមនិងនោះលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថា ស្របពេលដែលផ្លូវរបស់យើងល្អហើយ សូមបងប្អូនបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ៕