(បន្ទាយមានជ័យ)៖ កម្លាំង​អា​វុធហត្ថ​ក្រុងប៉ោយប៉ែត បានចាប់ខ្លួនឃាតក ដែលចាប់ជំរិតកុមារី​ ហើយយករុំស្កុតមាត់ និងច្រមុះបណ្តាលស្លាប់ រួចច្រកចូលក្នុងការ៉ុង នៅក្រុងប៉ោយប៉ែតបានយើយ ដោយគ្រោងនឹងឲ្យធ្វើត្រាប់ បង្ហាញសកម្មភាពល្មើសឡើងវិញ នៅថ្ងៃទី០២ ខែមេសាស្អែកនេះ​។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះកម្លាំងអាវុធហត្ថឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ សត់ ឈុនអ៊ី អាយុ១២ឆ្នាំ ជាសិស្សនៃសាលារៀនឯកជនឈ្មោះពន្លកខ្មែរ សង្កាត់/ក្រុងប៉ោយប៉ែត តែមានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់​ ស្រុកអូរជ្រៅ។ ចំណែកជនល្មើសជាឃាតក មានឈ្មោះ សុកខឿន សយធី ហៅវុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ នៅក្រុងប៉ោយប៉ែត។

សមត្ថកិច្ច និងគណ:គ្រប់គ្រង់សាលារៀនបានដឹងថា យោងកាមេរ៉ា​សុវត្ថិភាព គេបានឃើញក្មេងស្រី ត្រូវឃាតកល្បួងឲ្យជិះម៉ូតូជាមួយ ពេលនាងចេញពីសាលារង្វន់ម៉ោង៤ល្ងាច ថ្ងៃទី៣០​ ខែមីនា​ ​ឆ្នាំ២០១៨។

ក្រោយពីបែកធ្លាយរឿងចាប់ជំរិតនេះ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ បោន ប៊ិ​ន មេបញ្ជាការ បានឲ្យលោកវរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត នាំកម្លាំង ចុះ​ស្រាវជ្រាវ និង​​រក​ឃើញ​​រង​គ្រោះនៅក្នុងបន្ទប់ជួល១ក្បែរហាងខារ៉ាអូខេ K1 មៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត។ ប៉ុន្តែក្មេងស្រីបានស្លាប់ទៅហើយ។ ខណ:នោះ កម្លាំងក៏ចាប់បានជនល្មើសជាឃាតក នៅក្នុងបន្ទប់ដែរ។

ជនល្មើសបង្ហើបថា ខ្លួនចាប់ជំរិតក្មេងរងគ្រោះ ដើម្បីចង់បានលុយពីជីដូនកុមារីរងគ្រោះ។ ប៉ុន្តែដោយសារខ្លួនមិនធ្លាប់ បានយកស្កុតរុំមាត់​ និងច្រមុះនាងខ្លាំងពេក នាងក៏ថប់ដង្ហើមស្លាប់​ ហើយខ្លួនក៏ញាត់នាងក្នុងការ៉ុងប្រុងដឹកទៅចោលឲ្យឆ្ងា​យ តែរកឱកាសមិនបាន ក៏​កម្លាំងអាវុធហត្ថមកដល់ហើយ ចាប់ខ្លួនដូច្នេះទៅ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិ​ន មេអហខេត្តបន្ទាយមានជ័យ ប្រាប់ល្ងាចថ្ងៃទី០១ ខែមេសា​ថា ជនល្មើសនេះបានសារភាពខ្លះៗហើយ។ លោក និងអង្គភាពសូមថ្លែងអំណរគុណជូនលោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានលើកទឹកចិត្តដល់កងរាជអាវុធហត្តនូវទឹកប្រាក់ចំនួន២,០០០,០០០រៀលក្នុងករណីចាប់ជំរិតនិងសម្លាប់ក្មេងស្រីសិស្សនេះ៕