(បាត់ដំបង)៖ ដោយរស់នៅក្នុងស្ថានភាពពិការ តាំងពីកំណើតយូរឆ្នាំមកហើយនោះ ស្ត្រីចំណាស់២នាក់ ម្នាក់ពិការដៃជើង ម្នាក់ពិការភ្នែកទាំងពីរ បានលើកដៃទទូចអំពាវនាវសុំក្ដីសណ្ដោសប្រណីពីសប្បុរសជន ក៏ដូចជាថ្នាក់ដឹកនាំអ្នកចិត្តបុណ្យ មេត្តាជួយទំនុកបម្រុងចំពោះពួកគាត់ផង ខណៈស្ថានភាពរស់នៅបច្ចុប្បន្នគ្មានទីពឹងស្នាក់អាស្រ័យរឹងមាំ។
សារទទូចសុំក្តីមេត្តាទាំងនេះ ត្រូវបានពាំនាំមកដល់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០១ ខែមេសានេះ តាមរយៈសកម្មភាពរបស់លោក ហាច ហ៊ាន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិស្បទា ក្នុងនាមតំណាងលោករដ្ឋមន្រ្តី វង សូត ដែលបាននាំថវិកា និងគ្រឿងហូបចុកចែកជូនស្រ្តីចាស់ជរា និងពិការឥតទីពឹងទាំង២នាក់ខាងលើ ស្ថិតនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ហាច ហ៊ាន បានឲ្យដឹងថា ដោយបានស្រាវជ្រាវឃើញស្ថានភាពជាក់ស្តែងរបស់ស្រ្តីទាំង២នាក់នេះ លោករដ្ឋមន្ត្រី វង សូត បានចាត់តាំងរូបលោកជាតំណាង ចុះទៅពិនិត្យមើលទីតាំងរស់នៅរបស់ពួកគាត់ ហើយបាននាំអំណោយជាស្បៀង និងថវិកាទៅចែកជូនពួកគាត់ ដោយមានអាជ្ញាធរមូលដ្ឋានបានចូលរួមផងដែរ។
លោកអគ្គនាយកបានបញ្ជាក់ថា អំណោយដែលបានចែកជូននោះ មានអុំស្រី ឌិត ឌឿន អាយុ៦០ឆ្នាំ ពិការដៃជើងពីកំណើតរស់ម្នាក់ឯង នៅលើផ្ទះដែលអង្គការគ្រិស្តសាសនាឲ្យនៅបណ្តោះអាសន្ន លោកយាយទទួលបានអង្ករ ៥០គីឡូក្រាម មុង១ ភួយ១ កន្ទេល១ មី១កេស ត្រីខ១យួរ ទឹកត្រី ស៊ីអ៊ីវ៤យួរ និងថវិកា២លានរៀល ចំណែកម្នាក់ទៀត គឺលោកយាយ ឈុន តាយ អាយុ៨២ឆ្នាំ ពិការភ្នែកទាំង២ រស់នៅជាមួយអ្នកជិតខាង ទទួលបានថវិកា ៤៥ម៉ឺនរៀល៕