(កំពង់ធំ)៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក ជា អឿង បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ហើយត្រូវពិនិត្យមើលចំណុចកង្វះខាតដែលកើតមាន និងដំណោះស្រាយជាបន្ទាន់។

លោកបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំទួលគ្រើល និងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីស្តាប់នូវការលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីយកទៅដោះស្រាយជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ។

អ្នកតំណាងរាស្ត្ររូបនេះ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ចាប់តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋកម្ពុជាបានរស់រានមានជីវិតឡើងវិញទាំងលំបាកវេទនា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នារក្សាការពារសន្តិភាពឲ្យបានគង់វង្ស។ ប្រជាពលរដ្ឋគ្រប់ៗរូបត្រូវតែគោរពច្បាប់ជាតិ គោរពរដ្ឋធម្មនុញ្ញ និងសូមកុំចូលរួមធ្វើអ្វីដែលប្រឆាំងនឹងច្បាប់របស់ជាតិ។

លោកបានបន្តថា រាជរដ្ឋាភិបាលបានកំណែទម្រង់រដ្ឋស៊ីជម្រៅនៅគ្រប់ថ្នាក់គ្រប់ផ្នែក និងជំរុញឲ្យមន្ត្រីទាំងឡាយអនុវត្តកំណែទម្រង់នេះ ប្រកបដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព ដែលបានជះឥទ្ធិពលល្អដល់ការលើកកម្ពស់អភិបាលកិច្ចល្អ នៅតាមស្ថាប័នរដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។ ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំ បានធានាឲ្យកម្ពុជាបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀត ក្នុងដំណើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។

លោកថា ការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងបរិការណ៍អតិផរណាទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព បានធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់នៅទូទាំងប្រទេស កាន់តែមានឱកាសក្នុងការស្វែងរកការងារ និងក្នុងការបង្កើនប្រាក់ចំណូលកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការអនុវត្តនូវគោលនយោបាយដំឡើងប្រាក់បៀរវត្សក្នុងគោលដៅជាង ១លានរៀល នៅឆ្នាំ២០១៨។

លោក ជា អឿង បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឲ្យធ្វើអំពើល្អ ជាគំរូល្អដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធរមូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិ សាសន៍ ពណ៌សម្បុរនោះឡើយ កាត្វកិច្ចកិច្ចដ៏សំខាន់មួយទៀតរបស់ប្រជាពលរដ្ឋនោះ គឺត្រូវតែអញ្ជើញទៅបោះឆ្នោតសកល នាថ្ងៃ២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានទាំងអស់គ្នា ដើម្បីជ្រើសរើសតំណាងដឹកនាំដ៏ត្រឹមត្រូវរបស់ខ្លួន៕