(បាត់ដំបង)៖ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងនគរបាលការពារព្រំដែន មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឌុល គឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចុះជួបសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគ-បរិភោគចែកជូនកងកម្លាំងនគរបាលការពារព្រំដែន នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
សកម្មភាពបង្ហាញពីការយកចិត្តទុកដាក់ដល់កម្លាំងការពារព្រំដែននេះ ត្រូវបានធ្វើឡើងនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ដោយក្នុងនោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានទៅដល់ទីបញ្ជាការដ្ឋានកងវរសេនាតូចការពារព្រំដែន ក្នុងខេត្តបាត់ដំបង ចំនួន៤ និងនៅខេត្តប៉ៃលិន ចំនួន១។
នាឱកាសនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឌុល គឿន បានណែនាំដល់មន្ត្រីនគរបាលវរការពារព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការការពារបូរណភាពដែនដី រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ។
ព្រមជាមួយនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឌុល គឿន និងគណៈប្រតិភូបានប្រគល់ថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ចែកជូនដល់វរសេនាតូចការពារព្រំដែនទាំង៥ ក្នុងនោះវរសេនាតូចនីមួយៗទទួលបានថវិកា ៥លានរៀល មី៤០កេះ ត្រីខ២០កេះ ទឹកបរិសុទ្ធ២៥កេះ ទឹកត្រី២៥យួរ ទឹកស៊ីអ៊ីវ២៥យួរ និងបានចែកថវិកាជូនមន្ត្រីនគរបាលចំនួន ៧៧៥នាក់ ម្នាក់ៗចំនួន៤ម៉ឺនរៀលផងដែរ៕