(ភ្នំពេញ)៖ ក្នុងពិធីបញ្ជុះខណ្ឌសីមា និងឆ្លងពុទ្ធិសមិទ្ធផលនានាក្នុងវត្តច្រករំដួល នៅស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី០១ ខែមេសានេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងប្រាប់ប្រជាពុទ្ធបរិស័ទអំពីគុណតម្លៃនៃសន្តិភាព ដែលនាំមកនូវភាពរីកចម្រើនទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ មិនអាចព្រងើយកន្តើយមិនខិតខំថែរក្សាបានឡើយ។
លោកស្រីបានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពសាសនា ដោយគ្មានការរើសអើង ហើយទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ។
ក្រោមនយោបាយឈ្នះ-ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ពិសេសមានសុខុដុមនីយកម្មផ្នែកសាសនា ទើបមានលេចចេញជាព្រះវិហារដ៏ស្រស់ស្អាតនៅក្នុងវត្តច្រករំដួល ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះតេជគុណជាច្រើនអង្គ រួមជាមួយព្រះតេជគុណ កី ឆុន ចៅអធិការវត្តច្រករំដួល ពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លា បានចំណាយថវិកាផ្ទាល់ខ្លួន និងបានកៀរគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនារបស់ពុទ្ធបរិស័ទ្ធទាំងក្នុង និងក្រៅប្រទេស ក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តច្រករំដួលនាពេលនេះ។
លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ រួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយ។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថា មិនត្រូវជឿតាមការញុះញង់របស់ជនអគិតមួយចំនួន ដែលតែងតែរារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ផ្ទុយទៅវិញ ត្រូវរួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដន៍ឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតគ្រឿងញៀន មិនត្រូវបានបងតូចបងធំ និងក្រុមក្មេងទំនើង គោរពច្បាប់ចរាចរណ៍។
លោកស្រីបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវត្រៀមខ្លួនចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ ដោយត្រូវប្រែក្លាយសមាជិកបក្សម្នាក់ទៅជាសំឡេងគាំទ្រគណបក្សមួយសន្លឹក និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសម្ថតភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ៕