(តាកែវ)៖ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះថា អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលទើបតែត្រូវដកចេញពីតំណែង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ នៅម៉ោង១៥៖៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ តាមដីកាបង្គាប់ឲ្យឃាត់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងសម្លាប់ស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ ខេត្តតាកែវ។
លោក ឡាយ វណ្ណៈ ត្រូវបានចាប់ឃាត់ខ្លួននៅមុខវិទ្យាល័យ ជា ស៊ីម ស្ថិតក្នុងសង្កាត់រការក្នុងក្រុងដូនកែវ តាមដីកាបង្គាប់ឲ្យឃាត់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ។
ដីការបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជា៖ ឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គល ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ មន្រ្តីក្រសួងមហាផ្ទៃ (អតីតអភិបាលខេត្តតាកែវ) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
ហេតុការណ៍នៃការចាប់ខ្លួនលោក ឡាយ វណ្ណៈ ត្រូវបានចាប់ខ្លួននៅចំងាយប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្ស។ លោក ឡាយ វណ្ណៈ រួមជាមួយអង្គរក្ស ចំណែកកម្លាំងសមត្ថកិច្ចមានគ្នា៤-៥រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ និងបានប្រគល់ដីកាចាប់ខ្លួន ហើយនាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ចនាំមកទៅកាន់រាជធានីភ្នំពេញ។