(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៥០០នាក់ នៅឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨។ ចូលរួមក្នុងពិធីនេះផងដែរ មាន ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រុមការងារចុះជួយ ឃុំទួលអំពិល មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកបរសេដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅឃុំ ទួលអំពិល។

បន្ទាប់ពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបជូនបងប្អូនកម្មករអំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរអំពី ការដំឡើងប្រាក់ខែ ការផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ និងការដាក់សំណួរឱ្យកម្មករឆ្លើយ ដើម្បីទទួលបានរង្វាន់មក លោកទេសរដ្ឋមន្រ្តី បានថ្លែងទៅកាន់អង្គពិធីថា យើងចង់បានសុខសន្តិភាពគឺត្រូវនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពេលនោះ សម្តេចតេជោ នឹងបន្តដឹកនាំឱ្យមានសន្តិភាព និងបន្តការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខបានខិតខំគិតគូរដល់ជីវភាព និងសុខមាលភាពកម្មករដោយបានដំឡើងប្រាក់ខែជា រៀងរាល់ឆ្នាំ និងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ១) ការផ្តល់របបសន្តិសុខសង្គម ពេលមានជំងឺ ឬគ្រោះថ្នាក់អាចទៅព្យាបាលដោយមិនគិតថ្លៃ និងពេលចាស់ទៅមានប្រាក់ខែចូលនិវត្តន៍ ២) កម្មការិនីដែលមានផ្ទៃពោះ អនុញ្ញាតឱ្យចេញមុនម៉ោង និងសម្រាលមាតុភាព ៣ខែដោយមានប្រាក់ខែ។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ទម្រាំបានសន្តិភាពគឺលំបាកណាស់។ យើងត្រូវនាំគ្នាការពារសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍន៍។ កាលសប្តាហ៍មុន ពេលចុះតាមផ្ទះប្រជាជន លោកឮគេឃោសនាថាខ្មែរកាន់តែក្រទៅៗ។ តាមពិតយើងមិនមែនក្រទេ ធនាគារពិភពលោកប្រកាសថា ខ្មែរលែងជាប្រទេសក្រីក្រទៀតហើយ ចាប់ពីឆ្នាំ២០១៦។ ឥឡូវយើងទៅសុំលុយគេ គេលែងឱ្យហើយ គឺគេឱ្យខ្ចី។ ប្រជាជនយើងថាខ្លួនក្រ គឺមកពីជំពាក់លុយធនាគារ។ អ្នកជំពាក់ធនាគារជាអ្នកគ្រាន់បើ ហើយមានការច្រឡំថាធនាគារជារបស់រដ្ឋ។ ជាក់ស្តែង ស្រុកកាន់តែមាន​ ជំពាក់គេកាន់តែច្រើន។ ពួកប្រឆាំងគេទទួលស្គាល់ថាមានការអភិវឌ្ឍ តែប្រជាជនជំពាក់គេវ័ន្ធក។ ប្រទេសកាន់តែមានជំពាក់គេកាន់តែច្រើន។ អាម៉េរិកជំពាក់លុយគេច្រើនជាងគេ ហើយនៅអាស៊ានអ្នកជំពាក់លុយច្រើនជាងគេគឺសិង្ហបុរី។ រឿងជំពាក់ធនាគារជារឿងធម្មតា។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ ជូនអង្គពិធីថា រឿងសុខសន្តិភាពសំខាន់ណាស់ បើគ្មានការដឹកនាំរបស់សម្តេចតេជោ យើងមិនដឹងជាកើតសង្រ្គាមប៉ុន្មានដងទេ។ អ្នកដែលប្រកាសថាខ្លួនឯងគ្រាន់បើ នោះ បើឡើងកាន់អំណាចប្រទេសនឹងមានសង្រ្គាម គឺដោយសារការលាបពណ៌។ ប្រទេសយើងសព្វថ្ងៃឯករាជ្យ មិនមែនជាអាយ៉ងរបស់នរណាទេ។ កិច្ចព្រមព្រៀងទីក្រុប៉ារីស នាំឱ្យយើងបានបោះឆ្នោតឆ្នាំ១៩៩៣។ រឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស កុំជឿមេដឹកនាំអតីតបក្សប្រឆាំងគេនិយាយ ត្រូវជឿអ្នកដែលធ្វើការចរចា និងអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតែ១២នាក់ទេ ហើយក្នុងនោះមានលោកទេសរដ្ឋមន្រ្តីម្នាក់ដែរ។ កិច្ចព្រមព្រៀងបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញហើយ។ រដ្ឋធម្មនុញ្ញចែងឱ្យមានការបោះឆ្នោត៥ឆ្នាំ ម្តង។ ដូច្នេះ បងប្អូនទាំងអស់ត្រូវត្រៀមខ្លួនទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា។ អ្នកដែលមិនទៅបោះឆ្នោតគឺ មិនគោរពប្រជាធិបតេយ្យ។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវថា យើងត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំឱ្យមានសន្តិភាព និងបន្តអត្ថប្រយោជន៍ជូនកម្មករ និងការអភិវឌ្ឍន៍ជាតិទាំងមូល ហើយបានជូនពរកម្មករ កម្មការិនី និងប្រជាជនដែលចូលរួមក្នុងពិធីជួបប្រទះ តែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕