(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះកិច្ចពិធីបុណ្យឆេងម៉េង ដែលខ្មែរហៅថា «ពិធីបុណ្យប្រក់ផ្នូរ ឬសែនផ្នូរ» ដូចយើងឃើញខ្សែស្រទ្បាយចិន កំពុងប្រារព្វចាប់ពីដើមខែមេសានេះ គឺជាកិច្ចពិធីបុណ្យមួយក្នុងគោលបំណងដើម្បីរំឭកគុណបុព្វការីជន ផ្សារភ្ជាប់នឹងអាកាសធាតុនាចុងរដូវត្រជាក់ ហៅថា «អាហារត្រជាក់»។ មានន័យថាពិធីបុណ្យ «ចាស់ទទួលយកថ្មី» ជានិមិត្ដរូបនៃការផ្លាស់វដ្ដធម្មជាតិ ជាអាទិ៍៖ រដូវថ្មី ជីវិតថ្មី ផ្ដើមនូវអ្វីៗដែលថ្មី ដើម្បីអរគុណព្រះរំឭកដល់អតីតកាលនេះឯង។
បានសេចក្ដីថា កិច្ចពិធីបុណ្យឆេងម៉េងអាហារត្រជាក់នេះ ជាការសំដៅរដូវកាលនេះប្រជាកសិករ ធ្វើស្រែចំការបានប្រមូលភោគផលដំណំាយ៉ាងហូរហៀរនេះផងដែរ។
ជាពិសេសអាកាសធាតុក្នុងខែនេះទៀតសោត មិនត្រជាក់ពេក មិនក្ដៅពេក មានខ្យល់បោកបក់យ៉ាងត្រជាក់ស្រស់ស្រាយ ព្រោះព្រិលទឹកកករលាយ ស្មៅដុះខៀវខ្ចី អាកាសធាតុភ្លឺស្រទ្បះ ដើមឈើរុក្ខជាតិដុះយ៉ាងស្រស់បំព្រម រំយោលផ្កាបោកបក់ដូចសរសៃសូត្រ ហៅថា «ជំនោរឆេងម៉េង» ជាធាតុអាកាសនៃរដូវឆេងម៉េងនេះឯង។
ជាក់ស្ដែងនៅក្នុងរជ្ជកាលរាជវង្សថាង មានអ្នកកវីទូមូ បានរៀបរាប់កំណាព្យស្ដីពីបរិស្ថានពិធីបុណ្យឆេងម៉េងយ៉ាងដូច្នេះថា ភ្លៀងធ្លាក់ស្រិចៗ មនុស្សនៅតាមផ្លូវចង់ ដាច់ព្រលឹង សួររកតៀមស្រាឯណាមាន? មានក្មេងគង្វាលចង្អុលទៅភូមិស៊ីនហ័រនោះឯង។
លោក រត្ន័ សណ្ដាប់ បន្ដថា បើដូច្នេះចំពោះអត្ថន័យបុណ្យឆេងម៉េងនេះ គឺជាកិច្ចពិធីបុណ្យរំឭកដឹងគុណបុព្វការីជនក្នុងការជួបជុំវង្សត្រកូល នៃអំបូរគ្រួសារនីមួយៗ ដោយផ្សារភ្ជាប់នឹងធម្មជាតិនេះផងដែរ។ បើដូច្នេះបើនិយាយអំពីក្រដាសប្រក់មានប្រំាពណ៌នេះទៀតសោត ជាអាទិ៍៖ ខៀវ ក្រហម លឿង ស និងបៃតង ដូចយើងឃើញគេតុបតែងដើម្បីគោរពបូជានោះ ក៏មានលក្ខណះខុសៗគ្នាផងដែរ។ ក្នុងនោះជាអាទិ៍៖ ខ្មោចទើបនឹងស្លាប់ គេប្រក់ពណ៌ស រីឯខ្មោចស្លាប់យូរហើយត្រូវប្រក់ពណ៌ចំរុះ តែខ្មោចមិនទាន់បញ្ចុះត្រូវប្រក់ពណ៌ក្រហម។ បើដូច្នេះចំពោះពិធីប្រក់ផ្នូរនេះ គឺប្រៀបដូចជាយើងប្រក់ក្បឿងដំបូល ផ្ទះយ៉ាងដូច្នេះដែរ។ បានសេចក្ដីថាតំណាងឲ្យការរកស៊ីមានបានត្រជាក់ត្រជុំនេះឯង៕