(សៀមរាប)៖ នៅត្រីមាសទី១ ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរបរទេស ៨៥៨,៥៨០ចំនួននាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលអាចរកចំណូលជូនរដ្ឋបាន ចំនួន៣៩,៦៥៦,៨១០ដុល្លារអាមេរិក ដែលក្នុងនោះចំណូលចំនួន ១,៧១៧,១៦០ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា ។

បើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់ប័ណ្ណទស្សនា រមណីយដ្ឋានអង្គរ នៅត្រីមាសទី១ (ខែមករា ដល់ ខែមីនា) ឆ្នាំ២០១៨ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មានភ្ញៀវទេសចរបរទេសចំនួន ៨៥៨,៥៨០នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១២.៣៦ភាគរយ ទទួលបានចំណូលសរុបចំនួន ៣៩,៦៥៦,៨១០ដុល្លារ កើនឡើង ២៨.៥២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧កន្លងទៅ។

ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេស បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ២៦៨,៣៧៨នាក់ កើន១៩.០៩ភាគរយ និងបានទទួលចំណូលសរុប ១២,១៦៨,០៥៦ដុល្លារអាមេរិក កើន១៥.២៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧កន្លងទៅ។ ខែមីនា ឆ្នាំ២០១៨ ចំណូលចំនួន ៥៣៦,៧៥៦ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា៕