(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ បាននាំយកថវិកា និងសម្ភារមួយចំនួនប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរបាល និងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ដែលឈរជើងក្នុងខេត្តភាគខាងជើងមួយនេះ ដើម្បីលើកទឹកចិត្តមុនបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំង៣ផ្នែកខាងលើ ដែលបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្តក្នុងការការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងអំពាវនាវឲ្យកងកម្លាំងបន្តពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
លោកអភិបាលខេត្តក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវទៅកម្សាន្តតាមទីកន្លែងនានា ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ជៀសបាននូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ។
លោកអភិបាលខេត្ត បានប្រគល់ជូនថវិកាដល់ស្នងការដ្ឋាន-បញ្ជាការដ្ឋានកងកម្លាំងទាំង៣ផ្នែក ដោយក្នុងមួយអង្គភាពទទួលបានថវិកា ៨លានរៀល និងសម្ភារមួយចំនួនទៀត។ ជាមួយគ្នានេះ លោកបានបន្តដំណើរចុះសួរសុខទុក្ខក្រុមគ្រួពេទ្យ និងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ព្រមទាំងបានជូនថវិកាដល់គ្រូពេទ្យ និងអ្នកជំងឺក្នុងម្នាក់ ៣០,០០០រៀន៕