(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអប់រំ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធី ចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិស្សានុសិស្សជំនាន់ទី២ របស់ខ្លួន ក្រោមអធិបតីភាព លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។
លោក សុះ សៅអ៊ី នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអប់រំ បានលើកឡើងថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអប់រំ មានទិសដៅជួយកសាង និងលើកស្ទួយការបណ្ដុះបណ្ដាល អប់រំធនធានមនុស្សសម្រាប់សង្គម និងរៀបចំកម្មវិធីអប់រំឲ្យស្រប និងការរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ។
លោកបន្ដថា ជំនាន់ទី១៖ សិស្សបានបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសមានចំនួន ៥១នាក់។ ជំនាន់ទី២៖ សិស្សបានបញ្ចប់ការសិក្សាកម្រិតកុមារផ្នែកភាសាអង់គ្លេស អារ៉ាប់ កុំព្យូទ័រសរុបមានចំនួន ៧២នាក់ (អ្នកដែលទទួលវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាថ្ងៃទី១ មេសា ខាងមុខ)។
នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអប់រំរូបនេះ បានបញ្ជាក់ថា គិតមកទល់ពេលនេះ មជ្ឈមណ្ឌល ទទួលសិស្សបាន៣៩០នាក់ និងគ្រូ សរុប១០នាក់ (ក្នុងនោះ គ្រូបរទេស៥នាក់)។
លោក សុះ សៅអ៊ី បានលើកឡើងទៀតថា មជ្ឈមណ្ឌលមិនត្រឹមតែ បើកវគ្គសិក្សាភាសាអង់គ្លេសប៉ុណ្ណោះទេ តែមានវគ្គជាច្រើនទៀត ដូចជាភាសាអារ៉ាប់ ភាសាចិន និងភាសាម៉ាឡាយូ ជំនាញកុំព្យូរទ័រ និងវគ្គពិសេសៗជាច្រើនទៀត សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ជាមួយគ្រូខ្មែរ និងបរទេសដែលមានបទពិសោធន៍ច្បាស់លាស់។
លោកបន្ថែមទៀតថា «យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ទិសដៅដ៏សំខាន់បំផុតរបស់យើងខ្ញុំគឺ ការបណ្ដុះបណ្ដាលជំនាន់ថ្មី ឲ្យមានសមត្ថភាពចំណេះដឹងពេញលេញ ខាងផ្នែកវិទ្យាសាស្ដ្រ និងវប្បធម៌»។
លោកថា «យើងខ្ញុំចាំបាច់ត្រូវ មានជំនឿជាក់ថា ការស្ថាបនាពុទ្ធិចំណេះដឹង គឺជាគោលបំណងដ៏សំខាន់បំផុត និងជាទិសដៅអាទិភាពសម្រាប់គ្រប់ប្រជាជាតិទាំងអស់ ដែលចង់ទទួលបាននូវការអភិវឌ្ឍន៍ និងភាពរីកចម្រើន»។
លោក ណុះ ស្លេះ បានថ្លែងនូវការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអប់រំ ដែលបានចូលរួមអប់រំ បណ្តុះបណ្តាលដល់សិស្សានុសិស្ស ឲ្យទទួលបានចំណេះដឹង និងជំនាញ។
លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ប្អូនៗសិស្សានុសិស្សអាចរៀនសូត្រដោយងាយស្រួលបានដូចសព្វថ្ងៃនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ដែលសុខសន្តិភាពនេះ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន ។ ដូច្នេះសិស្សានុសិស្សត្រូវចូលរួមថែរក្សាសុខសន្តិភាពរបស់កម្ពុជា ដើម្បីឲ្យកម្ពុជាបន្តអភិវឌ្ឍន៍ជឿនលឿនថែមទៀត។
គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអប់រំ បានរៀបចំ និងសម្រិតកម្មវិធីសិក្សា សម្រាប់សិក្សាសិស្សតូចៗ ចាប់ពីអាយុ៨ឆ្នាំ ហើយក្រោយៗ មកទៀត ទើបមជ្ឈមណ្ឌលចាប់ផ្ដើមដំណើរការអប់រំផ្នែកភាសាអង់គ្លេស ចាប់ពីកម្រិតកុមារ រហូតដល់កម្រិតមនុស្សធំ (Advance) នៅចុងឆ្នាំ២០១៦៕