(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីកងរាជអាវុធហត្ថចំនួន ៣៦រូប ក្នុងនោះផ្លាស់ប្តូរមុខងារ ៤នាក់ និងបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯក ២នាក់ ថ្នាក់អនុសេនីយ៍ទោ ៣នាក់ ថ្នាក់អនុសេនីយ៍ត្រី ១៦នាក់ ថ្នាក់នាយចំណង់ ៥នាក់ និងថ្នាក់ព្រិន្ទបាលទោ ១៦នាក់។
ក្នុងឱកាសនោះ លោឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង បានលើកឡើងថា ការផ្លាស់ប្តូរមុខតំណែង តួនាទី និងបំពាក់ឋានន្តរសក្តិនាពេលនេះ គឺជាការលើកទឹកចិត្តដល់កងកម្លាំង និងជាការសម្រេចរបស់ក្រសួងការពារជាតិ ដើម្បីឱ្យកងកម្លាំងអាវុធហត្ថមានបទពិសោធន៍ពីកន្លែងមួយទៅកន្លែងមួយ ដូច្នេះនាយទាហាន នាយទាហានរង ដែលទើបប្រកាសតែងតាំងថ្មី និងបំពាក់ឋានន្តរសក្តិទាំងអស់ ត្រូវប្តេជ្ញាចិត្តខិតខំបម្រើជាតិមាតុភូមិ គោរពបទបញ្ជាថ្នាក់លើ សហការឯកភាពផ្ទៃក្នុង និងអង្គភាព ដើម្បីទប់ស្កាត់បទល្មើស ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកមេបញ្ជាការក៏បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយ-នាយរង និងពលអាវុធហត្ថទាំងអស់ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវគោរពបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រលាញ់រាប់អានប្រជាពលរដ្ឋ និងត្រូវម៉ឺងម៉ាត់ចំពោះការងារ ដោយបន្តសហការចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ៕