(មណ្ឌលគិរី)៖ ជនជាតិឥស្លាម សញ្ជាតិវៀតណាម ក្មេង-ចាស់ ចំនួន២៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញ នគរបាលនៃស្នងការខេត្ត គ្រាដែលពួកគេឆ្លងដែន ចូលមកកម្ពុជា ដោយខុសច្បាប់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ក្នុងក្រុងសែនមនោរម្យ។
ការឃាត់ខ្លួនក្រុមអន្តោប្រវេសន៍ខាងលើនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យលោកស្នងការនគរបាលខេត្ត ធ្វើការស្រាវជ្រាវលើករណីនេះ ឲ្យបានល្អិតល្អន់បំផុត ដើម្បីធ្វើការបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ចាត់ការតាមនិតិវិធីបន្ត។
លោក ស្វាយ សំអ៊ាង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងថា បន្ទាប់ពីការិយាល័យជំនាញ ធ្វើការស្រាវជ្រាវ បានរកឃើញថា ពួកគេជាជនជនជាតិឥស្លាម សញ្ជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណវៀតណាម មកពីខេត្តអាងយ៉ាង ប្រទេសវៀតណាម ឆ្លងដែនចូលមកកម្ពុជា ក្នុងស្រុកកោះធំ ខេត្តកណ្តាល គ្មានលិខិតឆ្លងដែន ឆ្ពោះទៅកាន់រាជធានីភ្នំពេញ កំពង់ចាម ប្រើរយៈពេលជាង៣ខែ បន្តមកកាន់ខេត្តមណ្ឌលគិរី ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រុមអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់សរុប២៧នាក់ ស្រីចំនួន១១នាក់ ក្នុងនោះជំនាញ បានរកឃើញមនុស្សចំនួន៣នាក់ខាងលើ កាន់អត្តសញ្ញាណប័ណ្ណខ្មែរ រួមទាំងម៉ូតូចំនួន១៣គ្រឿង។
ស្នងការខេត្តមណ្ឌលគិរី បានបញ្ជាក់ថា មន្រ្តីសមត្ថកិច្ចជំនាញ និងបន្តធ្វើការស្រាវជ្រាវរកមេខ្លោង ដែលសម្រួលដល់ក្រុមនេះ ឲ្យមកកាន់ទឹកដី នៃខេត្តមណ្ឌលគិរីនេះ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ ម៉ោងជាង៩ព្រឹក មន្រ្តីនគរបាលខេត្តមណ្ឌលគិរី បានធ្វើការបញ្ជូនជនអន្តោប្រវេសន៍ តាមរយៈរថយន្តឈ្នួលពីមណ្ឌលគិរី ទៅនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ការតាមនីតិវិធី៕