(ភ្នំពេញ)៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រ និងជំរុញឲ្យមន្ត្រីក្នុងវិស័យអប់រំ ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំឲ្យបានផុសផុល ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា ឲ្យរីកលូតលាស់បន្តទៅមុខ ជាពិសេសត្រូវលើកកម្ពស់ សមត្ថភាពបច្ចេកវិទ្យាថ្មីៗដល់គ្រូបង្រៀន។
ការបំផុសស្មារតីលើកស្ទួយវិស័យអប់រំយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្ត្រិ បន្តជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៅរាជធានីភ្នំពេញចំនួន ៣,៤០១នាក់ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមេសា ឆ្នាំ២០១៨នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពីតម្លៃនៃនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងនៅកម្ពុជា។ គោលនយោបាយឈ្នះ-ឈ្នះនេះហើយ ដែលបានបញ្ចប់សង្រ្គាម និងបានបង្រួបង្រួមជាតិកម្ពុជាឡើងវិញដោយជោគជ័យ ជាមួយនឹងការយកចិត្តទុកដាក់លើចំណុចសំខាន់ៗចំនួន៣ រួមមាន៖ ទី១៖ ធានាការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងពេលធ្វើសមាហរណកម្ម, ទី២៖ រក្សាអាជីព និងមុខរបរប្រជាពលរដ្ឋឲ្យនៅដដែល និងទី៣៖ រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយ របស់ប្រជាពលរដ្ឋ ដោយគ្មានការរឹបអូស ហើយអាចឈរជើងរស់នៅ និងប្រកបការងារជាធម្មតានៅទីតាំងនោះបាន។ លក្ខខណ្ឌទាំង៣នេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋពីកម្ពុជាប្រជាធិបតេយ្យ ចុះចូលធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល គ្រប់ទីកន្លែងទូទាំងប្រទេស នាំឲ្យប្រទេសជាតិមានសុខសន្តិភាពមកទល់សព្វថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យមួយនេះនៅកម្ពុជា ពីព្រោះបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់លាស់ ខុសពីពេលកន្លងទៅ ដែលអ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ប៉ុន្តែបច្ចុប្បន្នលោកគ្រូ អ្នកគ្រូសុទ្ធតែមានគរុកោសល្យត្រឹមត្រូវ មានបរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ជាដើម។
ទន្ទឹមនឹងនេះ សម្តេចតេជោបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨នេះទៅ ប្រាក់ខែគ្រូបង្រៀន គឺមិនតិចជាង១លានរៀលនោះទេ ហើយនៅមានការដំឡើងប្រាក់ខែបន្តរៀងរាល់ឆ្នាំ។ ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ លោកគ្រូ អ្នកគ្រូ និងមន្រ្តីរាជការនឹងបើកប្រាក់ខែ ព្រមទាំងប្រាក់ឧបត្ថម្ភ ៥០,០០០រៀលទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវសៀវភៅអប់រំទូន្មានរបស់ព្រះភិរម្យភាសា អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ចែកជូនលោគ្រូ អ្នកគ្រូខាងលើម្នាក់២ក្បាល រួមនិងថវិការមួយចំនួនទៀតផងដែរ។
សូមជម្រាបថា ពិធីជួបសំណេះសំណាលនេះ គឺជាជំនួបលើកទី២ហើយ ជាមួយនឹងលោកគ្រូ អ្នកគ្រូក្នុងរាជធានីភ្នំពេញ។ ជំនួបលើកទី៣ អាចនឹងធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួចហើយ។ ពិធីជួបជុំថ្ងៃនេះ គឺជាការលើកទឹកចិត្តដោយផ្ទាល់ ពីសំណាក់ប្រមុខដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំបន្ថែមពីលើការងារជាច្រើន ដូចជា ការបង្កើនប្រាក់បៀវត្សទៀងទាត់ និងការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំ ដើម្បីឲ្យកាន់តែមានគុណភាពប្រសើរឡើង៕