(បាត់ដំបង)៖ តំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ បានថ្លែងប្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើកំណែទម្រង់ដល់វិស័យអប់រំបានយ៉ាងច្រើន និងចាត់ទុកជាអាទិភាពសំខាន់បំផុត ធ្វើឲ្យកាន់តែល្អប្រសើឡើងតទៅ ក្រោមទិសស្លោកថា «គឺរៀនចេះបានប្រឡងជាប់ មិនចេះមិនអាចប្រឡងជាប់ឡើយ»។
លោកបានលើកឡើងនេះ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅក្នុងបរិវេណអនុវិទ្យាល័យនរា ស្ថិតក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកៀងគរបច្ច័យ សម្រាប់យកមកកសាងរបងសាលាកំពុងមានការខ្វះខាត។
តំណាងរាស្រ្តលោក ឡោក ហ៊ួរ បានឲ្យដឹងថា ទោះជាថ្នាក់ដឹកនាំបក្ស CPP គ្រប់ជាន់ថ្នាក់ ពិសេសមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងរំដោះជាតិ បញ្ចប់សង្រ្គាមទាំងស្រុងរវាងខ្មែរនិងខ្មែរ ក្នុងគោលនយោបាយឈ្នះ-ឈ្នះ គឺខ្មែររួមគ្នាតែមួយ ព្រមទាំងបានកសាង និងអភិវឌ្ឍន៍ជាតិបានរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណចក្រ និងផ្នែកពុទ្ធចក្រ ហើយក៏មានការរីកចម្រើនដោយបានដើរទន្ទឹមគ្នាផងដែរ ព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
អ្នកតំណាងរាស្រ្តបានបបញ្ជាក់ថា ក្នុងនាមលោកជាតំណាងរាស្រ្ត តែងតែបានចូលរួមជួយដោះស្រាយ និងកសាងសមិទ្ធិផលជាច្រើនលើគ្រប់វិស័យជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាក់ស្តែង ថ្ងៃនេះលោកបាននាំបច្ច័យ ១,៣០០ដុល្លារ ស្មើនឹងរបង ១០ប្រឡោះ និងថ្នាក់ដឹកនាំមូលដ្ឋានផ្សេងទៀត ក៏បានចូលរួមបច្ច័យមួយចំនួនផងដែរ បើគិតទាំងរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សបានបច្ច័យជាង ១០លានរៀល សម្រាប់ទុកធ្វើរបងសាលានេះ។
អ្នកតំណាងរាស្រ្តបានរំលឹកថា បើគ្មានថ្នាក់ដឹកនាំជាន់ខ្ពស់និងឥស្សរជន វីរជន យុទ្ធជនបានតស៊ូរំដោះជាតិឈានដល់បានជ័យជំនះទាំងស្រុងចេញពីរបបប្រល័យពូជសាសន៍នោះទេ តើប្រទេសជាតិ ប្រជាពលរដ្ឋយើង ទាំងសមាជិកគណបក្ស CPP និងអតីសមាជិកគាំទ្របក្សប្រឆាំង មានជីវិតរស់នៅតាំងពីបាតដៃទទេរ រហូតដល់ប្រជាពលរដ្ឋមានជីវភាពធូរធា ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យបានទេ៕