(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានចាប់ផ្ដើមបើកយុទ្ធនាការ ចែកសំបុត្ររថយន្តក្រុង ដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត បងប្អូនប្រជាពលរដ្ឋ រួមទាំងកម្មករ កម្មការិនី ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រូសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅកោះពេជ្រ។
សំបុត្រដែលបានចែកជូន ឆ្លងកាត់៨ផ្លូវជាតិធំៗ ឆ្ពោះទៅកាន់២០ខេត្ដ-ក្រុង រួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ក្រុងប៉ោយប៉ែត, ខេត្តព្រះវិហារ, ស្រុកស្រអែម, ស្រុកអន្លង់វែង, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ស្រុកឆ្លូង, ខេត្តក្រចេះ, និងខេត្តស្ទឹងត្រែង។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន លោក ជី ផល្លា ប្រធានគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន GANZBERG បានឲ្យដឹងថា ការបង្ដើតកម្មវិធីនេះឡើង ដើម្បីជួយជាមធ្យោបាយ ក៏ដូចជាចូលរួមចំណែកជាមួយ ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ និងសម្រួលដល់ បងប្អូនប្រជាពលរដ្ឋ រួមទាំងកម្មករ កម្មការិនី គាត់អាចមានឱកាស អញ្ជើញទៅគ្រប់ ខេត្ត-ក្រុង ដែលនេះ គឺជាផ្នែកមួយ នៃកម្មវិធីសង្គម ដែលក្រុមហ៊ុន GANZBERG ជួយចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអថិជន ដែលតែងតែគាំទ្រស្រាប្រៀរ GANZBERG។
សូមបញ្ជាក់ថា សំបុត្រដែលបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត រួមទាំងកម្មករ កម្មការិនី ដែលទទួលបាននៅព្រឹកនេះ នឹងចេញដំណើរនៅកោះពេជ្រខាងមុខ សាលមហោស្រព នៅវេលាម៉ោង០៧៖០០ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
សំបុត្រឡានក្រុង ដែលចែកជូនដោយឥតគិតថ្លៃនេះ មិនអាចទិញលក់បានទេ ពីព្រោះនៅលើសំបុត្រ ត្រូវសរសេរលេខ អត្តសញ្ញាណ្ណប័ណ្ណរបស់អ្នកដែលត្រូវធ្វើដំណើរ។ ពេលឡើងរថយន្ត អ្នកដំណើរត្រូវបង្ហាញសំបុត្រឡាន និងអត្តសញ្ញាណប័ណ្ណរួមគ្នា បើខ្វះណាមួយ ឬខុសលេខ ឬកោសលុបលេខនោះ មិនអនុញ្ញាតឡើងរថយន្តឡើយ។
កាន់តែអស្ចារ្យទៀតនោះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានចូលរួមចំណែក ជាមួយសាលារាជធានីភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋ ជិះរថយន្តក្រុងរបស់រដ្ឋាករ ស្វយ័តសាធារណៈ រថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ផងដែរ។
ក្នុងឱកាសនោះ សិស្ស និស្សិត បងប្អូនប្រជាពលរដ្ឋ រួមទាំងកម្មករ កម្មការិនី បានបង្ហាញនូវក្ដីរីករាយសប្បាយ ចំពោះក្រុមហ៊ុនស្រាបៀរ GANZBERG ដែលបានបើកយុទ្ធនាការ ចែកសំបុត្រឡានក្រុង ដោយឥតគិតថ្លៃនេះឡើង និងអះអាងថា អាចសម្រួលក្នុងការចំណាយរបស់ពួកគាត់មួយកម្រិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក៏បានសំណូម ទៅដល់ក្រុមហ៊ុនឡានក្រុង និងឡានតាក់ស៊ីនានា សូមមេត្ដាកុំដំឡើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ខណៈដែលប្រជាពលរដ្ឋ សម្រុកនាំគ្នាទៅលេងស្រុកកំណើត។
សូមបញ្ជាក់ផងដែរ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្ដិការណ៍ ចែកសំបុត្ររថយន្តក្រុង ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ទៅជួបជុំនាឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ដោយកាលពីលើកទី១ បានរៀបចំនៅឆ្នាំ ២០១៧។
ក្នុងនោះមានរថយន្តក្រុងចំនួន១០០គ្រឿង ឆ្លងកាត់៨ ផ្លូវជាតិធំៗ ឆ្ពោះទៅកាន់១៥ ខេត្ដក្រុងធំៗ ហើយនេះ គឺជាសកម្មភាពសម្បរសធម៌ថ្មីមួយទៀត បន្ថែមលើសកម្មភាពសម្បរសធម៌ ផ្សេងៗ ជាច្រើនទៀត ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើ៕
សូមទស្សនាវិដេអូ កិច្ចសម្ភាសន៍ លោក ជី ផល្លា និងចំណាប់អារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសំបុត្រឡានក្រុង ពីក្រុមហ៊ុនស្រាបៀរ GANZBERG ខាងក្រោមនេះ៖