Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអចលនទ្រព្យ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំបារម្ភរឿងចិនទិញដី៖ ចិនទិញដីនៅខ្មែរគ្រាន់តែមានសិទ្ធិប្រើប្រាស់ តែមិនមែនជាម្ចាស់ដីទេ! (Video inside)

01-04-2018 12:04

(ភ្នំពេញ)៖ នៅរយៈពេលចុងក្រោយនេះ វិនិយោគិនចិន បានសម្រុកវិនិយោគ លើវិស័យដីធ្លីនៅកម្ពុជាយ៉ាងខ្លាំងក្លា, ការវិនិយោគលើវិស័យដីធ្លីរបស់ជនជាតិចិននេះ បង្កឲ្យមានទស្សនៈមួយចំនួនបង្ហាញការព្រួយបារម្ភ ដោយបានលើកឡើងថា នៅថ្ងៃអនាគត ដីកម្ពុជានឹងត្រូវបានចិនគ្រប់គ្រងអស់។

បញ្ហានៃការលើកឡើងនេះ ត្រូវបានអ្នកជំនាញអចលនទ្រព្យ លោកបណ្ឌិត គីម ហ៊ាង ពន្យល់ថា «សូមប្រជាជនខ្មែរកុំព្រួយបារម្ភចំពោះបញ្ហានេះ ព្រោះមិនមែនជារឿងធំទេ ចិនទិញដីនៅខ្មែរគ្រាន់តែមានសិទ្ធិប្រើប្រាស់ តែមិនមែនជាម្ចាស់ដីទេ»

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាប្រធានក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្តេត រូបនេះបានបញ្ជាក់ថា «អ្នកខ្លះគាត់សួរថា បងរាល់ថ្ងៃខ្ញុំបារម្ភណាស់ ខ្ញុំឃើញចិនមកទិញដីនៅស្រុកខ្មែរអស់ហើយ។ សួរថា ចុះចិនហ្នឹងមានលើកដីដែលទិញហ្នឹងទៅចិនអត់? ឥឡូវចិនទិញដី១០០ហិកតាធ្វើចំការ ខ្ញុំសួរថា ចុះចិនមានយកដីហ្នឹងទៅស្រុកចិនអត់? ចម្លើយ អត់មានទេ ដីនៅដដែលតើ។ ...ចុះបើគេទិញដីនៅស្រុកខ្មែរ សួរថាដីមានបង់ពន្ធអត់? មាន! បង់ពន្ធឲ្យអ្នកណា? ឲ្យរដ្ឋាភិបាលខ្មែរ! អញ្ចឹងគេទិញមានទៅខុសអី! គេទិញគ្រាន់ជាការមានសិទ្ធិនៃការប្រើប្រាស់ ប៉ុន្តែគេមិនមានសិទ្ធិជាម្ចាស់ដីឯណា គេមានសិទ្ធិលើការប្រើប្រាស់ដីហ្នឹង តែដីហ្នឹងនៅស្រុកខ្មែរតើ»

លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងបន្តថា នៅប្រទេសណា ក៏គេបើកឲ្យមានជនបរទេសទិញដីនៅស្រុកគេដែរ មិនថានៅអាមេរិក នៅអូស្រា្តលី អឺរ៉ុប ឬនៅប្រទេសណានៅពិភពលោកឡើយ គឺគេបានទាក់ទាញចិនឲ្យទៅនៅ និងវិនិយោគ ព្រោះចិនជាបងធំសេដ្ឋកិច្ច។

លោកបណ្ឌិតបានបន្ថែមថា សព្វថ្ងៃពិភពលោកលែងមានព្រំដែនសេដ្ឋកិច្ចទៀតហើយ គេត្រូវការតែអ្នកមានលុយចូលស្រុកគេតែប៉ុណ្ណោះ ដូច្នេះការទាក់ទាញអ្នកមាន មកនៅក្នុងប្រទេសមួយជារឿងសំខាន់ណាស់៕